គុណធម៌ពឹងផ្អែកលើការប្រតិបត្តិ ចំណែកការប្រតិបត្តិគឺជាមូលដ្ឋានគ្រឹះ នៃសីលធម៌ទាំងឡាយ

 

«គុណធម៌ពឹងផ្អែកលើការប្រតិបត្តិ ហើយដូចគ្នានេះដែរ ការប្រតិបត្តិគឺជាមូលដ្ឋានគ្រឹះ នៃសីលធម៌ទាំងឡាយ»។ នេះជាការលើកឡើងក្នុងសៀវភៅបុរាណចិន The Zhou Book of Change ដោយពុំនោលនេះទៀតសោត បានក្លាយជាមូលដ្ឋានគំនិតស្ដីអំពីការអប់រំសីលធម៌ របស់អ្នកប្រាជ្ញ ខុង ជឺ យ៉ាងល្បីរន្ទឺអស់រយៈកាលជាង ២០០០ឆ្នាំឋមកហើយ។

ខុង ជឺ មិនមានជីវិតជាអមតៈពិតមែន ប៉ុន្តែការអភិវឌ្ឍ និងវឌ្ឍនភាព នៃអរិយធម៌ ដ៏រុងរឿងរបស់ចិន សុទ្ធសឹងតែបានរួមចំណែកចេញអំពីគំនិតដ៏មុតស្រួច និងប្រាកដនិយមរបស់លោក។ ក្រៅពីទស្សនវិស័យស្ដីអំពីនយោបាយ និងការគ្រប់គ្រង់រដ្ឋ គេសង្កេតឃើញថា គំនិតស្ដីអំពីការអប់រំសីលធម៌របស់លោក មានឥទ្ធិពលយ៉ាងខ្លាំងទៅលើការអភិវឌ្ឍសង្គម និងការកំណត់ នូវរបៀបរបបក្នុងការរស់របស់មនុស្ស។ ក្នុងនោះ លោកបានសង្កត់ធ្ងន់ទៅលើគោលការណ៍ចំនួនបីសំខាន់ៗ តាមរយៈចាត់ទុក ការរៀបចំមនុស្សជាឯក​​ ការធ្វើគារវកិច្ចចំពោះការអប់រំសីលធម៌ជាទោ និងការប្រតិបត្តិជាក់ស្ដែងជាត្រី។

សម្រាប់ខុងជឺ ការកសាងមនុស្សគឺជាអាទិភាពទី១ ដ៏ចាំបាច់បំផុត ដ្បិតរូបលោក និងសិស្សរបស់លោកផ្ទាល់ ព្រមទាំងអ្នកខុងជឺនិយមជំនាន់ក្រោយ មិនមានការឯកភាពគ្នាទៅលើការកំណត់ចំពោះ «សារជាតិរបស់មនុស្សក្ដី»។     ជាឧទាហរណ៍៖ អ្នកប្រាជ្ញម៉ឹងជឺ (Mengzi) ដែលត្រូវជាសិស្សរបស់លោកបានអះអាងថា «មនុស្សកើតមកមានសារជាតិល្អពីកំណើត»។ ចំណែកឯអ្នកប្រាជ្ញ ស៊ុន ជឺ (Xunzi) ដែលត្រូវជាសិស្សចំណិតរបស់លោកមួយរូបទៀត បានអះអាងផ្ទុយគ្នាស្រឡះថា «តាមពិតទៅ មនុស្សកើតមកមានសារជាតិអាក្រក់ពីកំណើតទៅវិញនោះទេ»។ ហើយមានអ្នកប្រាជ្ញខ្លះទៀត ដែលជាអ្នកខុងជឺនិយមដូចគ្នានេះ បានពោលបញ្រ្ចាស់ទៅលើគំនិតខាងលើថា «មនុស្សពុំមែនល្អ ឬអាក្រក់ពីកំណើត ប៉ុន្តែគឺទទេរស្អាត ហើយរឿងល្អអាក្រក់ គឺគ្រាន់តែជាបញ្ហានៃការផាតពណ៌ ដាំដុះ និងរចនាឡើងដោយសង្គមដែលពួកគេរស់នៅ តែប៉ុណ្ណោះ»។

ទទ្ទឹមគ្នានេះ គំនិតស្ដីអំពីការអប់រំសីលធម៌របស់ខុងជឺ បានលាតត្រដាងឱ្យយើងឃើញ ពីរូបរាងយ៉ាងពិតប្រាកដ​ នៃរដ្ឋក្នុងឧត្តមគតិ តាមរយៈបញ្ញត្តិសីលធម៌ ដែលលោកបានឱ្យឈ្មោះថា «ស្វ័យវប្បធម៌កិច្ច ឬការរៀបចំខ្លួនឱ្យក្លាយជាឧត្តមជន ឬជនមានឧត្តមភាពខាងសីលធម៌» ក្រោមអត្ថន័យជាភាសាអង់គ្លេសថា​ (Self-cultivation)។

បញ្ញតិ្តស្វ័យប្បធម្មកិច្ច គឺការបន្តបណ្ដុះឱ្យក្រុមគ្រួសារនីមួយៗ មានការរៀបចំ ដឹកនាំបានល្អ​ រដ្ឋទទួលបានការគ្រប់គ្រង់ក្រោមអភិបាលកិច្ច ដ៏ត្រឹមត្រូវ ចេញពីការបណ្ដុះឱ្យមនុស្សម្នាក់ៗ មានភាពល្អជាមុនសិន នោះទើបសម្រេចបានមហិច្ឆតា នៃរដ្ឋក្នុងឧត្តមគតិ ដែលលោកសំដៅទៅដល់ការបង្រួបបង្រួមគ្រួសារ ការគ្រប់គ្រង់ប្រទេស និងការសម្រេចបានសន្តិភាពកម្រិតសកលលោក។

យ៉ាងណាមិញ ការអប់រំសីលធម៌ដែលខុងជឺ ចង់សំដៅ​​​​ គឺមានដូចជា ការបណ្ដុះឱ្យមនុស្សមានកត្តញ្ញូតាធម៌ គតិបណ្ឌិត ក្ដីស្រលាញ់ ការគោរពចំពោះចាស់ទុំ បងប្អូន មានភក្ដីភាពរវាងគ្នានឹងគ្នា ភាពរមទម្យ ចេះឱនលំទោន និងស្រលាញ់ចំពោះភាពត្រឹមត្រូវជាដើម។

ម្ល៉ោះហើយបានជា សំនួនពាក្យ​ដ៏ល្បីល្បាញ ឬដែលត្រូវបានគេស្គាល់ថាជា គោលការណ៍មាស ក្នុងការរស់នៅរបស់លោកគឺ «ចូរកុំធ្វើអ្វីលើអ្នកដទៃ នូវអ្វីដែលអ្នកមិនចង់ឱ្យអ្នកដទៃ ធ្វើចំពោះអ្នក»

ប៉ុន្តែ សាកស្រមៃទៅមើល ប្រសិនបើពលរដ្ឋ នៃសង្គមរបស់អ្នក បានសូត្រចេះចាំយ៉ាងស្ទាត់ នូវគោលការណ៍សីលធម៌ទាំងនេះ ប៉ុន្តែក្នុងសកម្មភាពរស់របស់ពួកគេវិញ បែជាដើរបញ្រ្ចាស់គ្នា ពីអ្វីដែលបានសូត្រចាំ នោះតើគោលការណ៍ទាំងនេះ មានន័យអ្វីសម្រាប់បម្រើការរស់នៅជាក់ស្ដែង? វាមិនខុសពីគ្រូបង្រៀនមួយរូប ដែលបរាជ័យទាំងស្រុង ក្នុងការបញ្ជ្រាប និងបំពាក់ ចរិយាសម្បទា ដែលមាននៅក្នុងវត្ថុបំណង​មេរៀនរបស់ខ្លួន ទៅដល់សិស្សានុសិស្សនោះឡើយ។

ហេតុនេះហើយ បានជាសង្គតិភាពនៃការសាងមនុស្ស ការអប់រំសីលធម៌ ត្រូវតែផ្សារភ្ជាប់ទៅនឹងការប្រតិបត្តិ។ នៅក្នុងន័យនេះ លោកបានពន្យល់ច្បាស់ៗថា «ការៀនត្រូវតែជាការចងភ្ជាប់គ្នារវាងការគិត និងការប្រតិបត្តិជានិច្ច»។ ​

គន្លឹះសំខាន់នៅទីនេះ គឺត្រូវដាក់បញ្ចូលការគិត ទៅក្នុងសកម្មភាពរស់នៅជាក់ស្ដែងឱ្យបាន ហើយការរៀនគឺជាការចាប់ផ្ដើមដំបូង និងចុងក្រោយបង្អស់ ដែលមប្រើឱ្យសកម្មភាពរស់នៅរបស់មនុស្ស និងសង្គម។ នៅក្នុងន័យម្យ៉ាងទៀត ការបណ្ដុះឱ្យសិស្ស ចេះយកគំនិតរបស់ពួកគេ និងគោលការណ៍សីលធម៌ ទៅបំពាក់លើសកម្មភាពរស់នៅ ទើបជាការអនុលោមទៅតាមគោលបំណងនៃការបង្រៀន និងរៀន យ៉ាងពិតប្រាកដ ដែលលោកសំដៅទៅដល់។

ហេតុនេះហើយ បានជា ជារើយៗ ខុងជឺតែងទូន្មានសិស្សរបស់លោកថា «ជំនួសឱ្យការជឿទៅលើអ្វីដែលមនុស្សនិយាយ ត្រូវពិនិត្យមើល រវាងអ្វីដែលពួកគេបានពោលឡើង ទៅនឹងទង្វើដែលមានក្នុងឥរិយាបថរស់នៅ ពិតប្រាកដរបស់ពួកគេវិញ»។

 

និពន្ធដោយ៖

មាឃ លឹមហ៊ាក, និស្សិតបរិ.បត្រជាន់ខ្ពស់ទស្សនវិជ្ជា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ (ស.ភ.ភ.ព)។ បច្ចុប្បន្ន លោកជាគ្រូបង្រៀន ឯកទេស «សីលធម៌ពលរដ្ឋវិជ្ជា» នៃវិទ្យាល័យ ព្រះនរោត្តម សីហមុនី។ 

 

 

Author

  • Meak Loemheak

    និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ទស្សនវិជ្ជានៃ​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាគ្រូបង្រៀនកម្រិតឧត្តម ឯកទេស សីលធម៌ពលរដ្ឋវិជ្ជា

Scroll to Top