សច្ចភាព និងអត្ថន័យជីវិត តាមទស្សនទានលោកលីអូ តុលស្តយ ភាគ ១

 

«អ្វីៗទាំងឡាយក្នុងលោកដូចជា អវិជ្ជានិងគតិបណ្ឌិត, សម្បតិ្តស្តុកសម្ភនិងទុគ៌តភាព, សុភមង្គលនិងទុក្ខសោក, គឺជាការជាប់ជំពាក់និងគ្មានប្រយោជន៍។ មនុស្សតែងតែត្រូវស្លាប់ ហើយនត្ថិភាពនឹងបន្តតាំងនៅ»។

សាមញ្ញជនតែងគិតថា ប្រសិនបើពួកគេរស់នៅដោយមានអាយុវែង មានតួនាទីក្នុងសង្គម,កិត្តិយស សុខភាពល្អ និងប្រាជ្ញាវាងវៃ នោះជីវិតពួកគេនឹងប្រកបដោយសេចក្តីអំណរ។ ប៉ុន្តែរឿងនេះមិនមែនជាការពិតទាំងស្រុងឡើយ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិជាច្រើនស.វកន្លងមកនេះ មានវិញ្ញូជនមួយចំនួនដែលបានកើតមករស់នៅលើគំនរ នៃរបស់ជាទីប្រាថ្នាទាំងនេះ ក៏ប៉ុន្តែបែរមានការខ្ពើមរអើម ហើយគិតថាជីវិតរបស់ខ្លួននិងមនុស្សជាតិជាទូទៅ ជាជីវិតឥតន័យទៅវិញ។ វិញ្ញូជនសំខាន់ៗទាំងនោះរួមមាន ព្រះពុទ្ធសមណគោត្តម, លោក អាធួរ សូផែនហាវ័រ, និង លោកលីអូ តុលស្តយជាដើម។

ក្នុងន័យនេះ ការលើកយកប្រវត្តិជីវិតរបស់លោកតុលស្តយមកធ្វើការសិក្សា ជារឿងមួយដ៏សំខាន់និងចាំបាច់ ដោយហេតុថា ការឈ្វេងយល់ពីប្រវត្តិជីវិតនេះ នឹងធ្វើឱ្យយើងងាយស្រួលយល់ អំពីប្រភពគំនិតរបស់លោកដូចគ្នា។ តុលស្តយ កើតនៅឆ្នាំ ១៨២៨-១៩១០ ក្នុងត្រកូលអភិជនកម្រិតខ្ពស់នៃចក្រភពរុស្ស៊ីនាសតវត្សទី១៩។ ក្រោយពេលបាត់បង់ទាំងឪពុក ម្តាយ និងបងប្រុសតាំងពីលោកនៅវ័យក្មេង បានធ្វើឱ្យលោកមានក្តីសង្វេគចំពោះជីវិតយ៉ាងជ្រាលជ្រៅ ប៉ុន្តែក្នុងពេលជាមួយគ្នាលោកក៏បានក្លាយជាអ្នកទទួលមត៌កមហាសាលពីគ្រួសារផងដែរ។ ចំពោះស្នាដៃអក្សរសិល្ប៍ តុលស្តយ គឺជាអ្នកនិពន្ធប្រលោមលោកតថនិយមឆ្នើមស្ទើរគ្មានគូប្រៀបដែលមានកែវភ្នែកសង្កេតដ៏ត្រឹមត្រូវបំផុតតាមរយៈវណ្ណកម្មចំនួនពីរគឺ រឿង សង្រ្គាមនិងសន្តិភាព (War and Peace) និង រឿង អាណា ការេនីណា (Anna Karenina)។

លើសពីនេះ លោកក៏ជាសីលវិទូ គរុវិទូ អ្នកកំណែទម្រង់សង្គម ហើយពេលខ្លះត្រូវបានអ្នកកាន់គ្រិស្តសាសនាចាត់ទុកថាជាសន្តបុគ្គលទៀតផង។ នៅក្នុងផ្នែកសីលវិជ្ជា និងសាសនា តុលស្តយ បានធ្វើឱ្យភ្លឺឡើងវិញអំពីការបង្រៀនរបស់គ្រិស្តសាសនា (The Sermon on the Mount) តាមរយៈស្នាដៃ អ្វីដែលខ្ញុំជឿ (What I Believe), អាណាចក្ររបស់ព្រះស្ថិតនៅក្នុងខ្លួនអ្នក (The Kingdom Of God is within You) ស្តីពីទស្សនៈអហិង្សាដ៏សំខាន់បំផុត ដែលបានជះឥទ្ធិពលលើមេដឹកនាំអហិង្សារួមមាន លោកមហាត្មៈ គន្ធី, លោកម៉ាធីន លូធើឃីង, និង នែលសុន ម៉ាន់ដេឡា។

បើផ្អែកលើអ្វីដែលលោកមានដូចជា ទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភសម្រាប់ប្រកបជីវភាពជាមួយគ្រួសារ ពេលវេលាផ្ទាល់ខ្លួន ឋានៈក្នុងសង្គមជាន់ខ្ពស់ និងកិត្តិយសដែលធ្វើឱ្យលោកបានទទួលការគោរពគ្រប់ទីកន្លែង គឺលើសពីគ្រប់គ្រាន់សម្រាប់សាមញ្ញជន ក្នុងការធ្វើចាត់ទុកថាជីវិតរបស់លោកបានទទួលនូវក្តីអំណរ ប៉ុន្តែសម្រាប់ខ្លួនលោកផ្ទាល់មិនបានគិតថាដូច្នេះទេ។ លោកគិតថា គោលបំណងពិតនៃជីវិតមិនមែនមានជម្រៅត្រឹមនេះឡើយ។ លោកចាប់ផ្តើមធ្វើស្វ័យវិនិច្ឆ័យដោយផ្តើមសង្កេតមើលជីវិតខ្លួនឯងយ៉ាងយកចិត្តទុកដាក់ជាមួយសំណួរអំពីអត្ថន័យជីវិត។

តុលស្តយមានអារម្មណ៍ថា នៅទីឆ្ងាយមួយ មានមនុស្សម្នាក់កំពុងសម្លឹងមើលដោយអស់សំណើចនឹងរបៀបដែលលោករស់នៅរយៈពេល ៣០ទៅ៤០ឆ្នាំកន្លងមកនេះ ដោយខំស្វាធ្យាយផង ខំកសាងទាំងរាងកាយនិងស្មារតីរហូតដល់កម្រិតខ្ពស់បំផុតនៃជីវិតផង ហើយឈរដោយមោទកភាពតែឆ្កួតលីលា ដែលតាមការពិតគ្មានអ្វីទាល់តែសោះ។ គឺមនុស្សមិនយល់ទាល់តែសោះអំពីប្រភព សារៈ និងបំណងរបស់ជីវិត។ ទន្ទឹមនេះ សេចក្តីស្លាប់ជាវិចិកិច្ឆា ឬមន្ទិលសង្ស័យឥតដាច់ស្រឡះមួយដែលតែងទំជាប់ព្រលឹងលោកជានិច្ច, សេចក្តីស្លាប់នេះធ្វើឱ្យលោកភិតភ័យ ហើយយល់ថាជីវិតឥតន័យ…ដែលស្តែងចេញតាមរយៈតួអង្គម្ចាស់ដីស្តុកស្តម្ភឈ្មោះឡេវីន នៅក្នុងរឿងអាណា ការិនីណា។ នៅក្នុងសៀវភៅ សារភាព (The Confession) ជាបទនិពន្ធមិនប្រតិដ្ឋ តុលស្តយបានធ្វើសេចក្តីឧបមាថា «ជនពនេចរម្នាក់បានវង្វេងក្នុងព្រៃជ្រៅងងឹតសូន្យសុងមួយដែលអាចមើលឃើញពន្លឺតែនៅទីឆ្ងាយប៉ុណ្ណោះ ជននោះបានឡើងលើដើមឈើខ្ពស់មួយដើម ដើម្បីរកមើលផ្លូវចេញ។ ចៃដន្យនៅទៀបនឹងគល់ឈើនោះមានអណ្តូងទឹកមួយ ហើយមួយរំពេចក្រោយមកស្រាប់តែមាននាគរាជមួយក្បាលងើបឡើងហើយហារមាត់កាន់តែធំសន្សឹមៗបំណងនឹងត្របាក់គេ។ ជនពនេចរបានរំកិលទៅចុងម្ខាងនៃមែកឈើដើម្បីគេច តែរំពេចនោះមានសត្វកណ្តុរពីរក្បាល ១ស ១ខ្មៅ នាំគ្នាកកេរផ្តាច់មែកនោះ ដែលនឹងបណ្តាលឱ្យគេធ្លាក់ចូលមាត់នាគមិនខាន។ ទោះបីជាដឹងថាខ្លួននឹងស្លាប់ក្នុងពេលបន្តិចទៀតក៏ដោយ ជនពនេចរនោះតែខំប្រឹងតោងមែកឈើនោះជានិច្ច។ រំពេចនោះមានទឹកឃ្មុំប៉ុន្មានដំណក់ស្រក់ចុះមក។ ជនពនេចរ ខំលិទ្ធទឹកឃ្មុំតាមដែលអាចធ្វើបាន មិនឱ្យសោកស្តាយមុនពេលត្រូវស្លាប់»។ រឿងនេះមានសេចក្តីឧបម័យថា ជនពនេរគឺជាលោកតុលស្តយ, ព្រៃជ្រៅគឺជាការវង្វេងនៃជីវិត, ពន្លឺតូចឆ្មាដែលស្ថិតនៅទីឆ្ងាយគឺជាចំណេះដឹងដែលសាសនា វិទ្យាសាស្រ្ត អក្សរសិល្ប៍ និងទស្សនវិជ្ជាផ្តល់ឱ្យលោក, ដើមឈើខ្ពស់គឺជាឋានៈ, សត្វនាគរាជគឺជាសេចក្តីស្លាប់, សត្វកណ្តុរ២ក្បាល សនិងខ្មៅ គឺជាកាលថ្ងៃនិងយប់ដែលទំពារស៊ីពេលវេលា, ចំណែកឯទឹកឃ្មុំគឺជាសេចក្តីអំណរដែលជីវិតលោកទទួលបាន។ ជនពនេរនោះមិនអាចរីករាយជាមួយនឹងរសជាតិទឹកឃ្មុំតែប៉ុន្មានដំណក់ហើយភ្លេចនាគរាជបានទេ ចំណែកតុលស្តយក៏ដូចគ្នានេះដែរ។ លោកយល់ថា ពនេចរនោះនិងរូបលោក មានកំហុសម្យ៉ាងទើបធ្លាក់ដល់ព្រៃជ្រៅនេះ នោះគឺ «ជីវិត»

តុលស្តយបានសិក្សាគំនិតវិញ្ញូជនសំខាន់ៗជាច្រើនដែលធ្លាប់ឆ្លងកាត់ស្ថានភាពដូចលោក៖

  • ព្រះពុទ្ធ៖ «នរជនណាដែលបានពាល់ត្រូវ ជាតិ ជរា ព្យាធិ និងមរណៈ ថាជារឿងដែលមិនអាចចៀសផុត នរជននោះរមែងរំដោះខ្លួនឯងចេញពីជីវិត រំដោះខ្លួនចេញពីលទ្ធភាពគ្រប់យ៉ាងដែលនាំឱ្យកកើតជីវិ​ត»។
  • ស្តេចសូឡូម៉ូន៖ «អ្វីៗទាំងឡាយក្នុងលោកដូចជា អវិជ្ជានិងគតិបណ្ឌិត, សម្បតិ្តស្តុកសម្ភនិងទុគ៌តភាព, សុភមង្គលនិងទុក្ខសោក, គឺជាការជាប់ជំពាក់និងគ្មានប្រយោជន៍។ មនុស្សតែងតែត្រូវស្លាប់ហើយនត្ថិភាពនឹងបន្តតាំងនៅ»។
  • សូក្រាត៖ «ជីវិតនៅក្នុងរាងកាយគឺជាបិសាចនិងមាយាកា។ ដូច្នេះ ការបំផ្លាញជីវិតគឺជារឿងល្អដែលនរជនគ្រប់រូបត្រូវតែធ្វើ»។
  • សូផែនហាវ័រ៖ «ជីវិត គឺជាអ្វីដែលមិនគួរកើតឡើង។ អត្ថិភាពជីវិតមាននៅទីណាទីនោះមានសភាវៈអាក្រក់។ ការជម្រុញទៅរកនត្ថិភាពជាមធ្យោបាយប្រសើរបំផុត»។

 

អត្ថបទដោយ៖ ជី សិទ្ធិ អតីតនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំគរុកោសល្យ នៃវិទ្យាស្ថានជាតិអប់រំ (NIE) និងជាគ្រូបង្រៀនកម្រិតឧត្តមឯកទេស សីលធម៌ពលរដ្ឋវិជ្ជា

Author

  • Meak Loemheak

    និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ទស្សនវិជ្ជានៃ​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាគ្រូបង្រៀនកម្រិតឧត្តម ឯកទេស សីលធម៌ពលរដ្ឋវិជ្ជា

Scroll to Top