រវាងវិទ្យាសាស្រ្តសង្គមនិងវិទ្យាសាស្រ្តធម្មជាតិ៖ ការសន្ទនាគ្នាដោយបំភ្លេចពីតម្លៃអន្តរទំនាក់ទំនង

media

 

មានចំនួនមនុស្សមិនតិចនោះទេ ដែលបានពាល់ត្រូវជុំវិញការវិវត្តរបស់សាកលលោក ជាពិសេសទៅលើបម្រែបម្រួលរបស់សង្គមនីមួយៗតាមរយៈឥទ្ធិពលសាកលភាវូបនីយកម្ម (Globalization) របស់បស្ចិមប្រទេស ហើយថ្មីៗនេះ ជាមួយនឹងនិន្នាការបដិភាវូបនីយកម្ម (Deglobalization) របស់មហាអំណាចតំបន់ផង បានធ្វើឱ្យមនុស្សនៅក្នុងសង្គម ជជែកគ្នាថាតើដើម្បីរៀបចំសង្គមមួយឱ្យបានត្រឹមត្រូវ (ឬបានល្អ?) មនុស្ស ជាពិសេសការអប់រំបែបណា ដែលត្រូវលើកកម្ពស់ឱ្យសមស្របទៅតាមបរិបទនីមួយៗរបស់ពួកគេ។ បរិបទសកលបានក្លាយជាចំណុចពុះខណ្ឌតម្លៃ ចំពោះការសម្រេចចិត្តរបស់មនុស្ស និងសង្គម។ នៅក្នុងន័យនេះ តើសង្គមល្អមានអត្ថន័យដូចម្ដេច? តើសង្គមដែលល្អគឺជាសង្គមដែលមានមាឌធំ ហើយប្រើប្រាស់អំណាចសេដ្ឋកិច្ច និងនយោបាយដើម្បីឈ្លានពានមកលើកម្ពុជាដូចជាប្រទេសថៃ ឬដូចជារុស្ស៊ីកំពុងធ្វើចំពោះអ៊ុយក្រែន​ ឬយ៉ាងណា?

ខណៈយើងកំពុងស្ថិតនៅក្នុងដំណាក់កាលខ្វះមធ្យោបាយ ដើម្បីរៀបចំសង្គមរបស់ខ្លួនឱ្យបានល្អ យើងមិនដឹងថាត្រូវធ្វើបែបណាក្រៅពីការទទួលយកគំនិត ​និងជំនួយរបស់ប្រទេសអភិវឌ្ឍមកប្រើប្រាស់ ឬបញ្ចូលនៅក្នុងក្របខណ្ឌអប់រំ និងក្របខណ្ឌអភិវឌ្ឍន៍ផ្សេងៗទៀត ជាមួយនឹងការប្រឹងប្រែងពីអ្នកជំនាញនៅខាងក្នុងដែលមានស្រាប់ និងកំពុងបន្តកើតមានជាបន្តបន្ទាប់។ ប៉ុន្តែ យើងថែមទាំងមិនព្រមសម្លឹងមើលពីតម្លៃអន្តរទំនាក់ទំនងរវាងវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្រ្តធម្មជាតិទៀតផង ប្រសិនបើយើងនាំគ្នាបង្កើតការសន្ទនាដែលនាំទៅរកដាក់បន្ទុកគ្នារហូត ដូចត្រូវបានបង្ហាញនៅលើបណ្ដាញសង្គម។ ផ្ទុយទៅវិញ អន្តរទំនាក់ទំនង ឬអន្តរពំនឹងពំនាក់ ត្រូវបានបំភ្លេចចោលក្រោមការសន្ទនាដែលមានលក្ខណៈស្វ័យឱភាស (Self-esteem) ហើយនាំទៅរកការផ្ដាច់គ្នានឹងគ្នារវាងវិទ្យាសាស្រ្តសង្គមនិងវិទ្យាសាស្រ្តធម្មជាតិកាន់តែខ្លាំងឡើងៗ។ តើការសន្ទនាទាំងនោះចង់ឱ្យវិទ្យាស្រ្តធម្មជាតិ ឬវិទ្យាស្រ្តសង្គមជាអ្នកកំណត់តម្លៃសង្គមតែម្ខាងៗ ឬចង់ឱ្យវិទ្យាសាស្រ្តទាំងពីរនេះ ក្លាយជាតួអង្គកំណត់សហតម្លៃរួមគ្នា?

សូមកុំភ្លេចថាវិទ្យាសាស្រ្តសង្គម គឺជាវិទ្យាសាស្រ្តដែលសិក្សាពីបាតុភូតសង្គម មនុស្ស និងរបកគំហើញរបស់ប្រវត្តិសាស្រ្តផ្សេងៗ រួមទាំងទំនាក់ទំនងមនុស្សនិងសង្គម គោលការណ៍សីលធម៌និងការបង្កើតច្បាប់ទម្លាប់សម្រាប់គ្រប់គ្រងរដ្ឋ ដើម្បីធានាថាអ្នកវិទ្យាស្រ្តធម្មជាតិ ឬអ្នកបច្ចេកទេសផ្សេងៗទៀតស្ថិតនៅក្នុងការអនុវត្តបានត្រឹមត្រូវ។ នៅក្នុងន័យនេះ ការនាំគ្នាពន្យល់នៅត្រឹមក្របខណ្ឌប្រឡងកម្រិតមធ្យមសិក្សាទុតិយភូមិ ពោលគឺការជ្រើយយកមុខវិជ្ជាវិទ្យាសាស្រ្តសង្គម ឬវិទ្យាស្រ្តធម្មជាតិ កំពុងនាំទៅរកការបំភ្លេចពីលក្ខណៈដើម ឬធម្មជាតិរបស់វិសាលភាពរវាងមុខវិជ្ជាទាំងនេះច្បាស់ណាស់។

ជាការពិត អ្នកវិទ្យាសាស្រ្តធម្មជាតិដូចជាអ្នករូបវិទ្យាជាដើម ពិតជាអាចពន្យល់បានពីបាតុភូតរបស់អាតូម ការវិល ឬចលនារបស់អេឡិចត្រុង ទ្រឹស្ដីរូបវិទ្យាក្លាសិករបស់លោក អៃហ្សាក់ ញូតុន (Isaac Newton)  ទ្រឹស្ដីធៀបពិសេស (Special Relativity) របស់លោក អាញប៊ឺត អាញស្ដាញ (Albert Einstein) ក៏ដូចជារូបវិទ្យាគ្វ័នទុម ​(Quantum Physics) របស់ក្រុមរូបវិទូកគ្វ័នទុមនាពេលចុងក្រោយនេះ។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តសង្គមអាចរៀបចំគោលនយោបាយ និងគោលការណ៍ណែនាំផ្សេងៗដើម្បីបង្ការ ចំពោះការប្រើប្រាស់ទ្រឹស្ដីទាំងនោះនៅក្នុងន័យមិនធ្វើឱ្យខូចខាត ទៅដល់តម្លៃផ្នែកសីលធម៌សង្គម អត្តសញ្ញាណជាតិ បរិស្ថាននិងអាយុជីវិតរបស់មនុស្សជាដើម។ ជាពិសេស ការបង្ការចំពោះឥទ្ធិពលរបស់ក្រុមមនុស្សដែលកេងចំណេញទៅលើអ្នកវិទ្យាសាស្រ្ត ដូចធ្លាប់កើតមាននៅក្នុងបញ្ហាសង្រ្គាមលោកលើកទី២ (១៩៣៩-១៩៤៥) ដែលរូបវិទូទ្រឹស្ដី (Theoretical Physicist) សញ្ជាតិអាមេរិក លោក ជេរ រ៉ូប៊ឺត អូផេនហៃម៊ឺ (J. Robert Oppenheimer) ត្រូវបានក្រុមអ្នកនយោបាយកេងចំណេញសមត្ថភាពនិងទេពកោសល្យរបស់គាត់នៅក្នុងការយកឈ្នះគូរបដិបក្ខមនោគមវិទ្យានយោបាយយ៉ាងដូច្នេះដែរ។ និយាយឱ្យចំ នវានុវត្តន៍ផ្នែកវិទ្យាសាស្រ្តអាចនឹងត្រូវបានប្រើប្រាស់ខុស ហើយខុសធ្ងន់ និងឈានទៅរកការបង្កើតសោកនាដកម្មដល់មនុស្សជាតិ ព្រមទាំងវិនាសកម្មដល់សាកលលោកបាន ប្រសិនបើពុំមានក្រុមអ្នកវិទ្យាស្រ្តសង្គមជាអ្នករៀបចំក្របខណ្ឌ ឬគោលការណ៍សម្រាប់កំណត់ការប្រើប្រាស់នវានុវត្តន៍ទាំងនោះឱ្យបានច្បាស់លាស់។

ជាងនេះទៅទៀត រាល់ការបកស្រាយដែលនាំទៅរកការទាត់ចោលតម្លៃម្ខាងៗ មិននាំការរីកចម្រើនដល់សង្គមសម្រាប់ប្រជាជាតិមួយនោះទេ​ ប៉ុន្តែកំពុងនាំទៅរកសញ្ញានៃការបែកបាក់គ្នារបស់ប្រជាជាតិដែលកំពុងជ្រកកោណនៅក្រោមដំបូលសង្គមមួយរួមគ្នាប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត​ ការបកស្រាយទាំងនោះ​ នាំទៅរកការបង្ហាញថាខ្លួនមិនទាន់យល់បានត្រឹមត្រូវចំពោះគុណតម្លៃរបស់មុខវិទ្យានីមួយៗ ហើយខ្វះការគោរពចំពោះគុណតម្លៃនៃមុខវិជ្ជានិងការសម្រេចចិត្តរបស់សិស្សានុសិស្សដែលនៅក្មេងខ្ចី និងដ៏ស្លូតត្រង់ទៀតផង។ ការខ្វះការគោរពទាំងនោះ កំពុងបង្រួមគុណតម្លៃរបស់មុខវិជ្ជានីមួយៗមកដាក់នៅក្រោមឧត្តមគតិបុគ្គលនិងការយកឈ្នះចាញ់គ្នា រហូតដល់មានការប្រមាថបុគ្គល ឬក្រុមមនុស្សដែលមានសញ្ជាតិជាខ្មែរដូចគ្នាទៀតផង។ តាមការពិត យើងអាចយល់បានចំពោះបញ្ហានេះ។ តើត្រូវឱ្យអ្នករៀនរូបវិទ្យា គីមី ឬវិស្វកម្មជីវសាស្រ្ត មកពន្យល់ពីដំណើរវិវត្តិរបស់ប្រវត្តិសាស្រ្ត ប្រវត្តិគំនិតសាសនានិងប្រវត្តិគំនិតនយោបាយបានយ៉ាងដូចម្ដេច? ទទ្ទឹមនឹងគ្នានេះ តើត្រូវឱ្យអ្នករៀនប្រវត្តិវិទ្យា នយោបាយ ឬទេវវិទ្យាទៅពន្យល់ពីបាតុភូតអេឡិចត្រុង ឬទ្រឹស្ដីរលកបានដោយរបៀបណា? ឆ្លើយតបចំពោះបញ្ហានេះ យើងត្រូវបង្កើតនិងអនុញ្ញាតឱ្យពួកគេ (ក្រុមអ្នករៀនសូត្រ ឬក្រុមបញ្ញវន្ត) ស្ថិតនៅក្នុងលំហដែលអាចពឹងផ្អែកគ្នាទៅវិញទៅមកបាន។ ឧទាហរណ៍៖ អ្នកប្រវត្តិវិទ្យា ក៏ដូចជាអ្នកនរវិទ្យាអាចពឹងពាក់អ្នករូបវិទ្យាពិសោធន៍ (Experimental Physicist) ក្នុងការពិសោធទៅលើគំរូសំណាក ដែលពួកគាត់បានរកឃើញនៅក្នុងកំណាយផ្សេងៗ ប្រសិនបើឧបករណ៍ពិសោធន៍របស់អ្នករូបវិទ្យាមានលក្ខណៈទំនើបជាងឧបករណ៍ពិសោធន៍នៃក្រុមការងាររបស់ពួកគាត់ផ្ទាល់។ ការណ៍នេះ វាបង្ហាញពីតម្លៃនៃការសហការគ្នាដើម្បីបកស្រាយទៅលើបញ្ហាដែលសង្គមជាតិរបស់មនុស្ស និងមនុស្សខ្លួនឯងកំពុងជួបប្រទះ និងគាស់កកាយចង់ដឹង។

មែនទែនទៅ វិទ្យាសាស្រ្តទាំងពីរនេះ សុទ្ធតែប្រើប្រាស់វិធីសាស្រ្ត គោលវិធីនិងក្របខណ្ឌទ្រឹស្ដី      ផ្សេងៗ ដើម្បីបកស្រាយពីគម្លាតបញ្ហា ក៏ដូចជាសម្រាប់ធ្វើការសិក្សាទៅលើបញ្ហាជាក់លាក់ណាមួយ។ និយាយឱ្យចំ បញ្ហាមនុស្ស និងសង្គមមានច្រើនឥតគណនា ដែលយើងត្រូវការគោលវិធីច្រើនដើម្បីឆ្លុះបញ្ចាំងនិងដោះស្រាយឥតឈប់ឈរដូចគ្នាដែរ។ ឧទាហរណ៍៖ បើអ្នករៀនចិត្តវិទ្យា អ្នកត្រូវប្រើប្រាស់គោលវិធីចិត្តវិទ្យាដូចជា ចិត្តវិភាគ (Psychoanalysis) របស់លោក ហ្ស៊ីកមុន្ថ ហ្រ្វយដ៍ (Sigmund Freud) និងចិត្តវិទ្យាអាកប្បកិរិយា (Behavioral Psychology) របស់លោក ប៊ីអេហ្វ ស្គីនណ័រ (B.F. Skinner) ដើម្បីបកស្រាយពីឥរិយាបថសិក្សារបស់សិស្ស បាតុភូតចិត្តរបស់មនុស្ស ឬសង្គម។-ល-។ ទទ្ទឹមនឹងគ្នានេះ ប្រសិនបើអ្នករៀននីតិសាស្រ្ត អ្នកត្រូវការវិធីសាស្រ្តគតិយុត្តិដើម្បីបកស្រាយពីបញ្ហាច្បាប់នានា។ ប៉ុន្តែសំណួរត្រូវបានចោទសួរថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា តើយើងត្រូវជំរុញឱ្យក្រុមអ្នកសិក្សាលើជំនាញវិទ្យាសាស្រ្តសង្គម និងក្រុមអ្នកសិក្សាវិទ្យាសាស្រ្តធម្មជាតិទាំងនោះ មានការលះបង់និងប្ដូរផ្ដាច់ចំពោះរៀនសូត្រ ដើម្បីដោះស្រាយបញ្ហាសង្គមបានដោយរបៀបណា? នៅក្នុងន័យម្យ៉ាងទៀត តើយើងអាចបង្កើតលំហដែលអនុញ្ញាតឱ្យសិស្សានុសិស្ស និស្សិត និងបញ្ញវន្តគ្រប់ឋានានុក្រមទាំងអស់អាចរៀនសូត្រ និងលូតលាស់ទៅរួមគ្នាបានយ៉ាងដូចម្ដេច? ព្រោះថា ការរៀនលើឯកទេសនីមួយៗមិនមែនថាអាចរៀនធម្មតាៗ ហើយក៏អាចទទួលបានចំណេះដឹងជ្រៅជ្រះនោះឡើយ។ ចំណែកអន្តរកម្មរវាងពួកគេ គឺជាបេះដូងនៃប្រសិទ្ធិភាពពុទ្ធិតាមរយៈកិច្ចជជែកពិភាក្សាផ្លាស់ប្ដូរគំនិត ស្មារតីចែករំលែកគ្នា និងការពឹងផ្អែករវាងគ្នានឹងគ្នាជាដើម។ យ៉ាងណាមិញ មានពេលខ្លះ មនុស្សរៀនសូត្រគឺគ្រាន់តែដើម្បីប្រើប្រាស់ជំនាញទាំងនោះ ធ្វើជាឈ្នាន់ស្វែងរកការងារនិងឋានៈសង្គមតែប៉ុណ្ណោះ។ វាមិនអាចឈានទៅរកការមានគុណវុឌ្ឈិគ្រប់គ្រាន់ក្នុងការប្រើប្រាស់មុខវិជ្ជាដែលខ្លួនបានរៀនមកអនុវត្តដើម្បីដោះស្រាយបញ្ហានៅក្នុងសង្គមបានទេ ប្រសិនបើការរៀនសូត្រ ត្រូវបានអនុវត្តនៅក្នុងលំនាំបែបនោះ។

សាកល្បងស្រមៃបន្តិច នោះអ្នកនឹងឃើញថាបញ្ញវន្តធំៗនៅលើសាកលលោកនេះ កម្រមានបញ្ញវន្តរូបណាយកការរៀនសូត្រដើម្បីធ្វើជាថ្នូរនឹងការងារខ្លាំងណាស់ ផ្ទុយទៅវិញគឺដើម្បីរុករករបកគំហើញទៅវិញទេ។ នៅក្នុងន័យនេះ តួនាទីរបស់ប្រព័ន្ធសង្គម ក្នុងការលើកកម្ពស់ និងគាំទ្រឱ្យមនុស្សរៀនដើម្បីដោះស្រាយបញ្ហារបស់មនុស្សនិងសង្គមគឺមានភាពចាំបាច់ជាខ្លាំង។​ ចំណែកការជ្រើសយកវិទ្យាសាស្រ្តសង្គម ឬវិទ្យាសាស្រ្តធម្មជាតិមិនមែនជាបញ្ហាអ្វីនោះទេ។ ការណ៍នេះ តើអ្វីជាប្រព័ន្ធសង្គម? តើអ្នកណាជាអ្នកកំណត់ និងរៀបចំប្រព័ន្ធសង្គមមួយឱ្យប្រព្រឹត្តទៅដោយមានប្រសិទ្ធិភាពបាន? ពិតណាស់ មនុស្សដែលធ្លាប់ឆ្លងកាត់ប្រវត្តិសិក្សាលើជំនាញ​និងឯកទេសផ្សេងៗពីគ្នា គឺជាតួអង្គដែលមិនអាចខ្វះបាននៅក្នុងប្រព័ន្ធសង្គម។ យ៉ាងណា នេះជាសំណួរដែលពិបាកឆ្លើយ ហើយត្រូវការឱកាសសមស្របដើម្បីជជែកបន្ថែម។ អ្វីដែលត្រូវបញ្ជាក់ម្ដងហើយម្ដងទៀត បញ្ហាគឺមិនមែនជាជម្រើស ប៉ុន្តែការមិនអាចរៀបចំឱ្យមានលំហដែលអាចអនុញ្ញាតឱ្យពួកគេលូតលាស់ព្រមគ្នាទៅបាន និងការបំភ្លេចតម្លៃអន្តរទំនាក់ទំនង ឬអន្តរពំនឹងពំនាក់ទៅវិញនោះទេ ទើបជាបញ្ហា។

 

និពន្ធដោយ៖​

មាឃ លឹមហ៊ាក, និស្សិតបរិ.ជាន់ខ្ពស់ទស្សនវិជ្ជានៃ សកលវិទ្យាល័យភូមិន្ទភ្នំពេញ (ស.ភ.ភ.ព)។ បច្ចុប្បន្នជាគ្រូបង្រៀនឯកទេស​ សីលធម៌ពលរដ្ឋវិជ្ជា នៃវិទ្យាល័យ ព្រះនរោត្តម សីហមុនី។

Meak Loemheak is a public high school teacher of Moral-Civic Education. He earned a Master of Arts in Philosophy from the Royal University of Phnom Penh (RUPP) in 2025.

 

Author

  • Meak Loemheak

    និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ទស្សនវិជ្ជានៃ​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាគ្រូបង្រៀនកម្រិតឧត្តម ឯកទេស សីលធម៌ពលរដ្ឋវិជ្ជា

Scroll to Top