
ក្រោយសន្តិសញ្ញាទីក្រុងប៉ារីសឆ្នាំ ១៩៩១ តួនាទីរបស់វរជននយោបាយ (Political elite) និងវរជនសេដ្ឋកិច្ច (Economic elite) របស់កម្ពុជាបានដើរតួយ៉ាងសំខាន់នៅក្នុងការរៀបចំសង្គមនៅក្នុងវិបត្តិនៃសង្រ្គាមស៊ីវិលលើកទី២ រហូតទទួលបានសន្តិភាពពេលលេញក្រោមនយោបាយឈ្នះ-ឈ្នះ ក្នុងឆ្នាំ១៩៩៨។
ការអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញនៅក្នុងដំណាក់កាលនោះ ត្រូវបានធ្វើឡើងនៅក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសសេរី ក៏ដូចជាភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនានា។ ក្នុងនោះ ឥរិយាបថផលិតជាមូលដ្ឋានដើម្បីកម្ពុជាចាប់ពីឆ្នាំ ១៩៩១ មក ហាក់ត្រូវបានបំភ្លេចតាមរយៈការផ្ដោតជាចម្បងទៅលើការផលិតដើម្បីការនាំចេញ។ ហើយបើយើងគិតត្រឹមឆ្នាំ ២០២៤ ឧហ្សាហកម្មកាត់ដេរ វាយណភ័ណ្ឌ សម្លៀកបំពាក់កីឡា ព្រមទាំងឧហ្សាហកម្មផលិតគ្រឿងអេឡិចត្រនិចថ្មីថ្មោងផ្សេងៗទៀត សុទ្ធតែស្ថិតនៅក្នុងគន្លងផលិតដើម្បីទីផ្សារគោលគៅអន្តរជាតិ។
ជាងនេះទៅទៀត សូម្បីតែវិស័យកសិកម្ម ក៏ត្រូវបានពឹងផ្អែកលើការផលិតដើម្បីការនាំចេញទៅទីផ្សារប្រទេសជិតខាង និងផលិតផលកែឆ្នៃសម្រេចទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ទទ្ទឹមគ្នានឹងការផលិតដើម្បីការនាំចេញទាំងនេះ សេវាកម្មចំណីអាហារ និងភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ ព្រមទាំងឧបករណ៍ប្រើប្រាស់ជាប្រចាំថ្ងៃជាច្រើននៅតែបន្តពឹងផ្អែកយ៉ាងខ្លាំងពីការនាំចូល ជាពិសេស នៅពេលដែលកម្ពុជាស្ថិតក្នុងកាលានុវត្តភាពដែលពលរដ្ឋកម្ពុជាបានធ្វើពហិការទៅលើទំនិញនាំចូលពីប្រទេសថៃ។
យ៉ាងណាក៏ដោយ អ្វីៗហាក់ត្រូវបានផ្លាស់ប្ដូរទាំងស្រុង នៅពេលដែលកម្ពុជាមានចលនាផលិតសម្រាប់កម្ពុជាខ្លួនឯង និងដើម្បីខ្លួនឯង ដែលការណ៍នេះ បានអនុញ្ញាតឱ្យយើងសម្លឹងឃើញពីតួនាទីដ៏សំខាន់របស់វរជនគោលនយោបាយ និងសេដ្ឋកិច្ច។ ប៉ុន្តែតើអ្វីដែលវរជនសេដ្ឋកកិច្ច និងនយោបាយកម្ពុជាគួរធ្វើបន្ត នៅក្នុងការចលនាផលិតទំនិញក្នុងស្រុក ដើម្បីជំនួសឱ្យទំនិញនាំចូលរបស់ថៃ?
គួរបញ្ជាក់ផងដែរថា ពាក្យ «វរជន» ឬ «អេលីត» ត្រូវបានសង្គមវិទូសញ្ជាតិបារាំង លោក Pierre Bourdieu ពន្យល់ដោយមិនសំដៅតែទៅលើតំណែងជាថ្នាក់ដឹកនាំផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជាក្រុមមនុស្ស និងបុគ្គលដែលគ្រប់គ្រងលើចំនួនអសមមាត្រដ៏ច្រើនសម្បើមនៃទ្រព្យធន និងមូលធនផ្សេងៗ។ ក្នុងនោះ Bourdieu បែកចែកទម្រង់មូលធនជាបីប្រភេទ ដោយរួមមានមូលធនសេដ្ឋកិច្ច មូលធនវប្បធម៌ និងមូលធនសង្គម ហើយមានតែមូលធនសេដ្ឋកិច្ចប៉ុណ្ណោះដែលតំណាងឱ្យក្រុមវរជនដែលមានភាពជាម្ចាស់លើកម្មសិទ្ធិ និងចំនួនទ្រព្យសម្បត្តិដ៏ច្រើនលើសលុប។
យ៉ាងណាមិញ យើងសុទ្ធតែបានឃើញហើយថា ចលនាពហិការទៅលើទំនិញរបស់ថៃពីពលរដ្ឋកម្ពុជា នៅតែជាយន្តការវាយបកក្រោមស្មារតីរួមជាតិសាសន៍មួយ។ ជាឧទាហរណ៍៖ ក្រោមវិបាកនៃការជម្លោះរវាងកម្ពុជា-ថៃ ចលនាពហិការរបស់ប្រជាពលរដ្ឋទាំងសងខាងត្រូវបានកើតឡើង ជាពិសេសពលរដ្ឋកម្ពុជា។ ក្រសួងពាណិជ្ជកម្មថៃបានបញ្ជាក់ថា ថៃបានថយចុះចំពោះការនាំចេញក្នុងតម្លៃសរុប ៨៣.៨លានដុល្លា។ ចំពោះកម្ពុជា ការធ្លាក់ចុះមានចំនួនត្រឹមតែចំនួន១៥.៨ លានដុល្លាប៉ុណ្ណោះ។ នេះបើតាមចុះផ្សាយរបស់សារពត៌មាន Khmer Time នៅថ្ងៃ ១៤ ខែសីហា ឆ្នាំ ២០២៥។ ប៉ុន្តែបើគិតត្រឹមខែកក្ដដា ឆ្នាំ២០២៦ របាយការណ៍ចុះផ្សាយដោយនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឱ្យឃើញថា ការនាំចេញទំនិញរបស់ថៃមកកម្ពុជាមានធ្លាក់ចុះកាន់តែខ្លាំង ពោលគឺរហូតដល់ $៦៩០.៥៣លានដុល្លា ឯណោះ។
យ៉ាងណា មួយឆ្នាំមុនចលនាពហិការនេះ ការដោះដូរទំនិញនៅតាមច្រក់ព្រំដែនកាលពីឆ្នាំ ២០២៤ រវាងកម្ពុជា-ថៃ គឺមានចំនួនសរុបដល់ទៅ ៥.៤ពាន់លានដុល្លា នេះបើតាមការចុះផ្សាយដោយ Market Research Thailand កាលពីថ្ងៃ ២៣ កក្កដា ឆ្នាំ២០២៥។ ទិន្នន័យទាំងនេះ សម្រាប់អ្នកនិយមទ្រឹស្ដីសេដ្ឋកិច្ចឃេន្យនិយម (Keynesian) គឺឆ្លុះបញ្ចាំងឱ្យឃើញថា ទោះជាសេដ្ឋកិច្ចមិនអាចព្យាករបាន មិនអនុញ្ញាតឱ្យមានការវិភាគក្នុងន័យប្របាប ប៉ុន្តែសេដ្ឋកិច្ចត្រូវធ្លាក់ចុះ ហោចណាស់ ដោយសារតែបាតុភូតពីរយ៉ាងបានកើតឡើង៖ (១) បរាជ័យនៃតម្រូវការ និង (២) តម្រូវការនៃការផ្កត់ផ្គង់។
លើសពីនេះ តាមការចុះផ្សាយដោយ ការសែត Khmer Time ដដែល នៅថ្ងៃ ២៨ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមហ៊ុនរបស់ប្រទេសថៃមួយចំនួនដូចជា ក្រុមហ៊ុនភេសជ្ជៈខារាប៉ាវ ក្រុមហ៊ុនមីម៉ាម៉ា ធានាគារពាណិជ្ជ សុទ្ធសឹងតែបានកើបយកប្រាក់ចំណេញអស់រយៈពេល ២០ឆ្នាំ កន្លងមកហើយនៅលើទឹកដីកម្ពុជា។ ការណ៍នេះបង្ហាញថា កន្លងមកថៃបានដើរតួជាអ្នកផ្គត់ផ្គង់ឱ្យតម្រូវការកម្ពុជាយ៉ាងខ្លាំងក្លា ហើយកម្ពុជាគឺជាទីផ្សារជិតខាង ជិតស្និត និងដ៏ល្អមួយក្នុងនាមជាតួអង្គដែលមានតម្រូវការច្រើនពីថៃ។ ប៉ុន្តែ ប្រសិនបើទីផ្សារគឺជាផលបូកនៃជម្រើសរបស់អ្នកប្រើប្រាស់ ហើយជម្រើសទាំងនោះត្រូវផ្លាស់ប្ដូរចេញពីអ្នកប្រើប្រាស់នៅកម្ពុជា តើអ្វីជាជម្រើសបន្ទាប់សម្រាប់ពលរដ្ឋកម្ពុជា?
ចាប់ពីចុងទសវត្សឆ្នាំ ១៩៩០ មក វរជនគោលនយោបាយ និងសេដ្ឋកិច្ចពិតជាបានជំរុញលើវិស័យជាច្រើន ក្នុងនោះមានវិស័យកាត់ដេរ វាយណភ័ណ្ឌ សេវាកម្ម និងបច្ចេកវិទ្យាជាដើម ដើម្បីអនុញ្ញាតឱ្យកម្ពុជាអាចចាកចេញពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម និងកាត់បន្ថយភាពក្រីក្របាន។ ប៉ុន្តែ ថ្មីៗនេះ យើងសង្កេតឃើញថា ពាណិជ្ជករខ្លះបានពិចារណាចំពោះការទិញផលិតផលពីចិន និងវៀតណាមជំនួសឱ្យផលិតផលថៃ ចំណែកពាណិជ្ជករខ្លះទៀតសិក្សាពីតម្លៃ និងកត្តាទំនិញអាទិភាព ព្រមទាំងជឿថាពេលវេលានឹងអនុញ្ញាតឱ្យពួកគាត់អាចគ្រប់គ្រងការបាត់បង់ប្រាប់ចំណូលបានឡើងវិញ។ ជាងនេះទៅទៀត អ្នកជំនាញខ្លះជឿថា ការធ្វើពហិការនេះអាចជាកាំបិតមានមុខពីរផងដែរ ប្រសិនបើកម្ពុជាមិនអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួមានភាពធន់ពិតប្រាកដបាន។ បាតុភាពទាំងនេះអាចឆ្លុះបញ្ចាំងបានថា ទំនិញដែលពលរដ្ឋកម្ពុជាបានធ្វើពហិការគឺជាប្រភេទទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងចាំបាច់យ៉ាងខ្លាំងក្នុងកាលៈទេសៈដែលមានវិបត្តិផ្កត់ផ្កង់ណាមួយកើតឡើង។ សម្ភារៈ និងគ្រឿងឧបភោគ បរិភោគទាំងនេះមិនគួរត្រូវបានបន្តមើលរំលងក្នុងការផលិតនៅក្នុងស្រុកនោះឡើយ។
នៅក្នុងស្ថានភាពដែលពលរដ្ឋកម្ពុជា បន្តធ្វើពហិការចំពោះទំនិញនាំចូលពីប្រទេសថៃបែបនេះ ទំនិញសំខាន់ៗជាច្រើនមុខរបស់ថៃលែងត្រូវបានប្រើប្រាស់។ ហេតុនេះហើយ រាល់ការអន្តរាគមន៍ចេញពីតួនាទីរបស់វរជនគោលនយោបាយ និងរវជនសេដ្ឋកិច្ចត្រូវតែជាអ្នកប្រែក្លាយផលិតផលក្នុងស្រុកឱ្យទៅជាផលិតផលជំនួសជាមួយនឹងកម្រិតគុណភាពខ្ពស់។
ក្នុងន័យនេះ ការរៀបចំគោលនយោបាយដើម្បីគាំទ្រដល់ចលនាផលិតក្នុងស្រុកគឺចលករដ៏សំខាន់ និងមិនអាចខ្វះបានជាដាច់ខាត។ ចំណែកការទាក់ទាញវិនិយោគទុនអន្តរជាតិបន្ថែមឱ្យមកកាន់កម្ពុជា គឺជាកត្តាសត្យានុម័តដែលត្រូវយកចិត្តទុកដាក់ផងដែរសម្រាប់បេសកម្មមួយនេះ។ ហើយបើផ្អែកតាមទ្រឹស្ដីសេរីនិយមក្លាសិក (Classic Liberalism) និងនវសេរីនិយម (Neoliberal) បេសកកម្មទាំងនេះ មិនត្រឹមតែជាឧត្តមគតិដែលនឹងអាចជំរុញខ្សែសង្វាក់ផលិតកម្ម និងបំពេញភាពខ្វះខាតក្នុងស្រុកបាននោះទេ ប៉ុន្តែក៏ជាបេសកកម្មដែលអាចបង្កើតការងារបន្ថែមដល់ពលរដ្ឋកម្ពុជានៅក្នុងគន្លងអន្តរកម្មសេដ្ឋកិច្ចរបស់នៃពិភពសាកលភាវូបនីយកម្មផងដែរ។
បន្ថែមពីនេះ ការផ្គត់ផ្គង់អាចថយចុះ ក្រោមឥទ្ធិពលនៃការធ្វើពហិការនេះ ប៉ុន្តែតម្រូវការចេញពីការផ្ដត់ផ្គង់មិនបានថយចុះនោះទេ។ ផ្ទុយទៅវិញ តម្រូវការចេញពីការផ្ដត់ផ្គង់គ្រាន់តែត្រូវបានបង្វែរទៅកាន់ទិសដៅផ្សេង ដើម្បីដាក់សំពាធទៅលើស្ថេរភាពផ្គត់ផ្តង់ទំនិញរបស់ថៃក្នុងរយៈពេលវែង ឬខ្លីប៉ុណ្ណោះ។ និយាយដោយចំពោះ ជម្រើសប្រើប្រាស់ពលរដ្ឋកម្ពុជាត្រូវបានផ្លាស់ប្ដូរ ប៉ុន្តែតម្រូវការប្រើប្រាស់របស់ពលរដ្ឋកម្ពុជានៅតែបន្តកើតមានជាធម្មតា។ ហេតុនេះ ការរៀបចំឱ្យមានគោលនយោបាយដែលអាចជួយជំរុញកំណើនផលិតកម្មក្នុងស្រុក រោងចក្រ សហក្រាស និងខ្សែសង្វាក់ផ្គត់ផ្គង់ជំនួសបាន នឹងជួយអន្តរាគមចំពោះបញ្ហានេះបាន តាមរយៈការលើកកម្ពស់ផលិតកម្ម និងផលិតផលក្នុងស្រុក។ ជាពិសេស ការផលិតដើម្បីឆ្ពោះទៅរកការបង្កើតតួនាទីជំនួសរបស់ប្រទេសនាំចូលក្នុងកាលទេសៈមានការប្រែប្រួលចរន្តសេដ្ឋកិច្ចសាកល និងដើម្បីអាចបំពេញឱ្យតម្រូវការរបស់កម្ពុជាខ្លួនឯងបាន។
បើយើងសម្លឹងទៅត្រឹមឆ្នាំ២០២៤ ទំនិញសំខាន់ៗចំនួន២០ មុខត្រូវបាននាំចូលពីប្រទេសថៃមកកាន់កម្ពុជា ដោយក្រុមទំនិញទាំងនោះ ស្ថិតនៅក្នុងប្រភេទ គ្រឿងអេឡិចត្រនិច ទំនិញជម្រុះផ្សេងៗ សម្ភារៈសំណង់ យានយន្ត ម៉ូតូ និងគ្រឿងចក្រ ម្ហូបអាហារ និងភេសជ្ជៈផ្សេងៗ។ល។ ការណ៍នេះបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពធ្វើពហិការចំពោះទំនិញសំខាន់ៗទាំងនេះ មិនត្រឹមជាពហិការធម្មតានោះទេ ប៉ុន្តែជាការចង្អុលប្រាប់ថា កម្ពុជាបានបំភ្លេចចំពោះការផលិតដើម្បីខ្លួនឯងនៅឡើយកន្លងមក។ នៅក្នុងន័យនេះ យើងត្រូវការវរជនសេដ្ឋកិច្ច និងវរជនគោលនយោបាយកម្ពុ ដើម្បីនាំផ្លូវការផលិតដើម្បីកម្ពុជាខ្លួនឯងជាចាំបាច់ ជាពិសេសគឺការបង្កើតឱ្យមាននិរន្តរភាព និងភាពធន់។
ហើយដូចដែល ទស្សនវិទូសេដ្ឋកិច្ច លោក អដាំ ស្មីត (Adam Smith) ធ្លាប់បានពន្យល់រួចហើយថា ត្បិតទីផ្សារសេរីដោយមានការអន្តរាគមន៍ពីរដ្ឋកាន់តែតិចគឺធ្វើឱ្យសង្គមមួយខ្លាំង ប៉ុន្តែសមត្ថភាពសីលធម៌នៅក្រោមកញ្ចក់សមានចិត្តលើសពីខ្លឹមសារស្វ័យផលប្រយោជន៍គឺកាន់តែសំខាន់នៅក្នុងដំណើរសម្របសម្រួលចំពោះផលប្រយោជន៍របស់មនុស្សនៅក្នុងសង្គមទាំងមូល។
តាមរយៈបទពិសោធសង្រ្គាមចេញពីការឈ្លានពានពីថៃមកលើកម្ពុជា ដែលបានបន្សល់ទុកសោកនាដកម្មរាប់មិនអស់ អាចពន្យល់ពីភាសាបេះដូងរបស់ពលរដ្ឋកម្ពុជាបានយ៉ាងច្បាស់ថា ពលរដ្ឋកម្ពុជាត្រូវការតែរឿងពីរយ៉ាងប៉ុណ្ណោះ ដោយ (១) គឺសន្តិភាព ហើយ (២) សន្តិសុខ និងស្ថេរភាពសេដ្ឋកិច្ចរបស់ពួកគាត់ផ្ទាល់។ ដូច្នេះ បទពិសោធទាំងនេះលាតត្រដាងផងដែរថា កម្ពុជាមិនអាចធ្វើជាបាល់ទាត់ភូមិសាស្រ្តសេដ្ឋកិច្ចរបស់ប្រទេសណាមួយនោះឡើយ ប៉ុន្តែត្រូវរៀបចំក្នុងភាពជាខ្មែរខ្លួនឯង ហើយមានតែខ្មែរខ្លួនឯងប៉ុណ្ណោះដែលអាចជួយខ្លួនឯងឱ្យសម្រេចបេសកម្មនេះបាន។ ខ្មែរអាចធ្វើបាន?
នៅក្នុងន័យនេះ មធ្យោបាយមិនគួរបង្កឱ្យមានកំហុសដោយសារគោលដៅនោះទេ ខណៈទីផ្សារសេរីគឺជាឧបករណ៍បម្រើឱ្យចលករសេដ្ឋកិច្ចបានយ៉ាងល្អ ជាពិសេស ប្រសិនបើអំណាចសេដ្ឋកិច្ចត្រូវបានអន្តរាគមបន្ថែមដោយឆន្ទៈនយោបាយ។
យ៉ាងណាមិញ តួនាទីអន្តរាគមរបស់វរជនគោលនយោបាយ និងវរជនសេដ្ឋកិច្ចទាំងនេះ មិនមែនជាសកម្មភាពដែលដើរផ្ទុយគ្នា ឬបង្កជាបាតុភាពស្វ័យបដិវាទកម្មទៅនឹងក្របខណ្ឌទ្រឹស្ដីសេដ្ឋកិច្ចសេរីនិយមក្លាសិក និងនវសរីនិយមនោះឡើយ។ ផ្ទុយទៅវិញ ជាការឧត្តមគតិដែលសេដ្ឋវិទូ និងទស្សនវិទូសញ្ជាតិអង់គ្លេស លោក ចន មេយណាដ ឃេន្យ (John Maynard Keynes) ជឿជាក់ថា ការអន្តរាគមន៍របស់តួអង្គរដ្ឋ ជាពិសេសវរជនគោលនយោបាយគឺជាសកម្មភាពដែលត្រឹមត្រូវ និងមិនបង្កការរាំងស្ទះណាមួយដល់លំហវិនិយោគបន្ថែម។
អ្វីដែលយើងយើងមិនត្រូវបំភ្លេចនៅទីនេះគឹ ចលករទំនិញចាំបាច់ប្រចាំថ្ងៃរបស់កម្ពុជាអាចមានគ្រោះថ្នាក់ និងគ្មានស្ថេរភាព បាត់បង់ប្រក្រតីភាព ប្រសិនបើបន្តពឹងផ្អែកលើកណ្ដាប់ដៃរបស់ប្រទេសមួយដែលតែងបង្កអធិករ បំពានដែនអធិបតេយ្យរបស់កម្ពុជាម្ដងហើយម្ដងទៀត ដោយមិនខ្វល់ពីធម្មានុរូបភាពនៃរដ្ឋ។ ស្របគ្នានឹងដំណើរផ្លូវឆ្ពោះទៅកាន់ភាពធន់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាដោយកម្ពុជាខ្លួនឯង និងការមិនបំភ្លេចចំពោះការផលិតផលិតផលជាតិដើម្បីខ្លួនឯងនៅក្នុងកាលៈទេសនេះ ប្រៀបដូចជាពេលវេលានៃការប្រែក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ចិនដែលប្រឹងរះឡើងបន្ទាប់ពីកំណែទម្រង់ និងការបើកចំហទៅកាន់សាកលលោកអស់រយៈពេល៤០ឆ្នាំ នៅក្រោមសំពាធដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១០ ដូចគ្នាដែរ។
ខណៈកម្ពុជាជាប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងលើឧហ្សាហកម្មស្រាប់ នោះការសម្រេចបានឧត្តមគតិក្នុងតួនាតីជំនួសនេះ មិនគួរត្រូវបានបន្តនៅក្នុងការបំភ្លេចទៀតឡើយ។ ការដើរតួនាទីជំនួសទំនិញពហិការដែលវរជនគោលនយោបាយ និងវរជនសេដ្ឋកិច្ចត្រូវធ្វើទាំងនេះ ជាឧត្តមគតិដែលអាចឆ្លើយតបបានស្របគ្នាទៅនឹងសកម្មភាពពហិការទាំងនេះ ព្រមទាំងក្នុងកាលៈទេសៈមានវិត្តិសេដ្ឋកិច្ចសាកលផងដែរ ហើយក៏ជាអ្វីដែលត្រូវបញ្ចាក់ថា ខ្មែរគឺអាចធ្វើបាន។
អត្ថបទដោយ៖ លោក មាឃ លឹមហ៊ាក, គ្រូបង្រៀនឯកទេស សីលធម៌ពលរដ្ឋវិជ្ជា និង លោក គង់ វាសនា គ្រូបង្រៀនឯកទេស ភាសាអង់គ្លេស


