ការអប់រំក្នុងយុគបញ្ញាសិប្បនិម្មិត (AI)

ការអប់រំក្នុងយុគបញ្ញាសិប្បិម្មិត​ (AI) ជារឿយៗ​ តែងត្រូវបានថ្នាក់ដឹកនាំស្ទើរគ្រប់ឋានាក្រុមពន្យល់ថា​ សាលានីមួយៗត្រូវធ្វើទំនើបកម្ម​ និងលុបបំបាត់អនក្ខរភាព​បច្ចេកវិទ្យា ដើម្បី​ឈានទៅរកការកាត់បន្ថយគម្លាត ​នៃការផ្ដល់សេវាអបរំ។ ការណ៍នេះ​ គឺជាបាតុភាពមួយដែលយើងអាចសង្កេតឃើញថា​ បច្ចេកវិទ្យាត្រូវបានលើកកម្ពស់​ ដើម្បីប្រើប្រាស់ ក្នុងគោលបំណងបម្រើឱ្យការអប់រំ​នៅតាមគ្រឹះស្ថានសិក្សានីមួយៗ។ ទទ្ទឹមគ្នានេះ​ លោកហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន​ និងកីឡា​ នៅក្នុងឱកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦»​ ​កាលពីថ្ងៃទី​ ១០​ ឧសភា​ ឆ្នាំ២០២៦​ បានរម្លឹកចំៗផងដែរថា​ ប្រសិទ្ធិភាព​នៃការរៀនក្នុងយុគសម័យAI នេះ គឺត្រូវការ​ធាតុចំនួនប្រាំជាចាំបាច់​។ ក្នុងនោះចំពោះចំណុច (១)​ ការគាំទ្រពីសហគមន៍,​ (២)​​ ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន​ទំនើប (៣) ភាពជាអ្នកដឹកនាំរបស់គណៈគ្របគ្រងសាលានីមួយៗ​ (៤)​ សមត្ថភាពបង្រៀនរបស់លោកគ្រូអ្នកគ្រូ​ (វិជ្ជាជីវៈ​ក្នុងភាពជាគ្រូបង្រៀន)​ និង​ ចុងក្រោយ (៥)​ ការតាំងចិត្តផ្ទាល់របស់សិស្សានុសិស្ស។

ហេតុនេះ​ តើធាតុសំខាន់ៗទាំងប្រាំខាងលើដើរតួនាទីបែបណាខ្លះចំពោះការអប់រំក្នុងយុគសម័យទំនើបនេះ? ក្នុងនាមជាភ្នាក់ងារអប់រំនៅកម្រិតមូលដ្ឋានមួយរូប ខ្ញុំនឹងព្យាយាមឆ្លើយទៅកាន់សំណួរនេះ តាមរយៈការឆ្លុះបញ្ចាំងចេញពីបទពិសោធបង្រៀន ប្រកបដោយភាពផ្ចិតផ្ចង់បំផុត។

(១)​ ការគាំទ្រពីសហគមន៍៖​ សហគមន៍​នៅក្នុងន័យនេះ សំដៅទៅដល់អាណាព្យាបាល​ ឬ​អ្នកពាក់ព័ន្ធដែលតែងនៅកៀកបង្កើយ ជិតស្និតជាមួយនឹងសិស្សានុសិស្សបំផុតបន្ទាប់ពីសាលារៀន។​ ក្នុងបរិបទកម្ពុជា យើងអាចកត់សំគាស់បានថា អាណាព្យាបាល ដើរតួនាទីយ៉ាងសំខាន់ក្នុងការ​​ចូលរួមធានា យកចិត្តទុកដាក់ និងតាមដានលើរាល់ការសិក្សារបស់សិស្សម្នាក់ៗ លើកលែងតែពួកគាត់មានភាពមមាញឹកខ្លាំង ឬស្ថិតនៅឆ្ងាយពីបុត្រធីតា ឬសិស្សានុសិស្សផ្ទាល់។​ បច្ចុប្បន្ននេះទៀតសោត អាណាព្យាបាល មិនត្រឹមតែជាអ្នកដែលពិនិត្យទៅលើសៀវភៅតាមដាន នៃបុត្រធីតារបស់ខ្លួននោះឡើយ ប៉ុន្តែគឺជាអ្នកដែលចូលរួមយ៉ាងសកម្ម ក្នុងដំណើរការប្រជុំជាមួយថ្នាក់ដឹកនាំសាលា លោកគ្រូ/អ្នកគ្រូ ក្នុងនាមជាប្រធានគណៈកម្មាការថ្នាក់រៀន អនុប្រធាន និងសមាជិក។ ពោលគឺ នេះជាធាតុចូលថ្មីមួយ ដែលអាចញ៉ាំងពួកគាត់ ឱ្យមានឱកាសយ៉ាងច្រើនក្នុងការតាមដានលើសកម្មភាពសិក្សារបស់សិស្ស ព្រមទាំងចូលរួមឧបត្ថម្ភគាំទ្រដល់សាលាឱ្យកាន់តែមានភាពល្អប្រសើរបានជាចីរភាព ប្រសិនបើពួកគាត់មានការចូលរួម និងសហការជាមួយសាលាបានដិតដល់។ យ៉ាងណាក៏ដោយ ក្នុងដំណាក់កាលនេះ យើងសង្កេតឃើញថាសាលាខ្លះទទួលបានផ្លែផ្កាយ៉ាងត្រចាះត្រចង់ ប៉ុន្តែសាលាជាច្រើន នៅតែបន្តបរាជ័យ និងខ្វះយន្តការក្នុងការឆ្លើយតបចំពោះដំណើរការទាំងនេះនៅឡើយ។

(២)​ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត​៖​ ក្រៅពីសារៈសំខាន់របស់អាណាព្យាបាល យើងក៏មិនអាចបំភ្លេចបានចំពោះ អគារសសិក្សាដូចគ្នា។ មែនទែនទៅ អគារសិក្សា ដែលបម្រើដល់ការសិក្សារបស់សិស្ស គួរត្រូវបានស្នើឡើងពីថ្នាក់ដឹកនាំសាលា​ទៅកាន់​មន្ទីរ​ ឬក្រសួង​ ដើម្បីកសាង​ និងបំពាក់គ្រឿងបរិក្ខាទំនើបៗ​ ក្នុងន័យញ៉ាំងឱ្យប្រសិទ្ធិភាពនៃការរៀន​ និងបង្រៀនកាន់តែមានប្រសិទ្ធភាព។ ប្រសិនបើថ្នាក់រៀនមិនមានទាន់មានលក្ខណៈទំនើបកម្មគ្រប់គ្រាន់ ហើយសូម្បីតែឧបករណ៍គាំទ្រការរៀន និងបង្រៀន ឬគ្រឿងបរិក្ខានានាមិនមានលក្ខណៈល្អប្រសើរផងនោះ ច្បាស់ណាស់ថា កង្វះខាតនៃសម្ភារៈរូបវន្តទាំងនេះ នឹងនាំទៅរកភាពលើសចំណុះ នៃចំនួនសិស្សក្នុងបន្ទប់សិក្សានីមួយៗ ជាក់ជាពុំខាន។ ការណ៍នេះ គឺតែងត្រូវបានគេសម្លឹងឃើញថាបញ្ហាដែលទាញឱ្យប្រសិទ្ធិភាពនៃបង្រៀន និងការរៀនធ្លាក់ចុះ ដោយពុំអាចប្រកែកបាន។ យ៉ាងណាមិញ គណៈគ្រប់គ្រង​សាលានីមួយៗ​ អាចស្នើរសុំពីសហគមន៍​ និងអង្គការ​ ឬមូលនិធីសប្បុរសធម៌ផ្សេងៗបានផងដែរ ក្រៅពីការពឹងផ្អែកលើថវិការបស់ក្រសួងតែម្យ៉ាង។ ប៉ុន្តែកូនសោរគន្លឹះ នៃបញ្ហានេះ តោងត្រូវការឱ្យថ្នាក់ដឹកនាំសាលានីមួយៗ មានគុណវឌ្ឍិក្នុងភាពជាថ្នាក់ដឹកនាំដ៏ប៉ិនប្រសប់ និងមានភាពបត់បែនខ្ពស់ក្នុងការធ្វើទំនាក់ទំនងជាមួយសហគមន៍ផងដែរ។

(៣)​ គណៈគ្រប់គ្រង​សាលា៖​ កាលណាគេនិយាយដល់គណៈគ្រប់សាលានីមួយៗ​ ជារឿយៗ គឺគេតែងតែសំដៅដល់នាយកសាលា ដែលជាក្បាលម៉ាស៊ីន​ ជាអ្នកកាច់ចង្កូតនៃគ្រឹះស្ថានសិក្សានីមួយៗ ឱ្យមានការរីកចម្រើន​ ឬនៅត្រឹងមួយកន្លែង។ សាលាដែលមានថ្នាក់ដឹកនាំសកម្ម មានមនសិការៈ​ និងតម្គល់ឧត្តមប្រយោជន៍រួមជាធំ ហើយគោរពទៅតាមនិយាមការបានត្រឹមត្រូវ តែងនាំឱ្យសាលាស្គាល់ភាពរីកចម្រើន។ ផ្ទុយទៅវិញ​ សាលាដែលមានថ្នាក់ដឹកនាំ​មិនសកម្ម​ ព្រងើយចំពោះកិច្ចការសាលា​តូចធំនានា​ តែងនាំឱ្យសាលានោះជួបប្រទះនូវការ រីកចម្រើនក្នុងកម្រិតតិចតួចបំផុត។ លើសពីនេះ ដ្បិតគណៈគ្រប់គ្រងសាលាកម្របង្រៀនដោយផ្ទាល់ លើកលែងតែសាលាជួបនូវវិបត្តិកង្វះគ្រូបង្រៀន ប៉ុន្តែនាយកសាលាគឺជាតួអង្គដែលត្រូវយកចិត្តទុកយ៉ាងសកម្មទៅលើកិច្ចការរដ្ឋបាលបង្រៀនរបស់លោកគ្រូអ្នកគ្រូគ្រប់រូប។ ហើយការដឹកនាំគ្រូបង្រៀនបំពេញកិច្ចការផ្សេង ព្រមទាំងមើលការខុសត្រូវលើរាល់ដំណើរកិច្ចការទាំងនោះ ក៏ជារឿងចាំបាច់ដូចគ្នាដែរ។ នៅក្នុងន័យនេះ ប្រសិនបើថ្នាក់ដឹកនាំសាលាអសកម្ម ឬពុំមានការអើពើ នោះគ្រូបង្រៀន នឹងប្រងើយកន្តើយចំពោះកិច្ចការរដ្ឋបាលបង្រៀន ព្រមទាំងកិច្ចការផ្សេងៗដែលពាក់ព័ន្ធនឹងផលប្រយោជន៍សាលាដូចគ្នាដែរ។ ហេតុនេះ នាយក ឬថ្នាក់ដឹកនាំសាលាក្នុងគ្រាបច្ចុប្បន្ននេះ ក្រៅពីជាអភិបាលនៃគ្រូបង្រៀន ក៏ជាតួអង្គ ដ៏សំខាន់ដែលអាចគៀងគរការគាំទ្រពីសហគមន៍បានយ៉ាងល្អ ប្រសិនបើពួកគាត់មានចក្ខុវិស័យដឹងនាំសាលាឱ្យមានវឌ្ឍនភាព ជាមួយនឹងយន្តការច្បាស់លាស់។

(៤)​ គុណវឌ្ឍិរបស់គ្រូបង្រៀន៖​ ពិតណាស់​ ក្រៅពីថ្នាក់ដឹកនាំសាលា​ គេមិនអាចបំភ្លេចពីតួនាទីរបស់គ្រូបង្រៀន ដែលជាវិស្វករព្រលឹង និងជាអ្នកដែលនៅកៀកសិស្សានុសិស្សច្រើនបំផុតទី២​ បន្ទាប់ពីអាណាព្យាបាលរបស់សិស្ស​បាននោះឡើយ។ យ៉ាងណាក៏ដោយ លើសពីសកម្មភាពបង្រៀន គ្រូបង្រៀនគឺបុគ្គលដែលតំណាងឱ្យភាពជាគំរូដល់សិស្សានុសិស្ស រាប់ចាប់អំពីការស្លៀកពាក់​ ការនិយាយស្ដី​ និងស្វ័យអភិវឌ្ឍជាដើម។ ក្នុងករណីនេះ ប្រសិនបើគ្រូបង្រៀនខ្វះខាតគុណវឌ្ឍិ និងមិនគោរពចំពោះនិយាមបង្រៀនរបស់ខ្លួនបានត្រឹមត្រូវ ឬគ្មានមនសិការវិជ្ជាជីវៈ នោះ​គុណភាពសិក្សារបស់សិស្ស ក៏មានការធ្លាក់ចុះទៅតាមនោះដូចគ្នា។ បច្ចុប្បន្ននេះ ការសិក្សាពេញមួយជីវិត ឬការបន្តពង្រឹងគុណវុឌ្ឍិរបស់ខ្លួន គឺជារឿងដ៏ចាំបាច់សម្រាប់គ្រូបង្រៀនគ្រប់ៗរូប។ ម្យ៉ាងវិញទៀត ការយកចិត្តទុកដាក់ក្នុងការបើកចំហជើងមេឃ  ទទួលយកចំណេះដឹងសតវត្សរ៍ទី២១ ក៏រឿងដ៏សំខាន់ផងដែរ។

(៥)​ ការតាំងចិត្តផ្ទាល់របស់សិស្សានុសិស្ស​៖​ ក្រៅពីកត្តាបួនខាងដើម ដែលរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានរម្លឹក គេក៏ពិបាកនឹងជួយឱ្យសិស្សរីកចម្រើនទៅបានដូចគ្នា​ ប្រសិនបើពុំមានការតាំងចិត្តផ្ទាល់ពីពួកគេដោយខ្លួនឯង។ ស្វ័យតាំងចិត្ត (Self-determination) គឺជាកូនសោរគន្លឹះ​ ដែលសិស្សគ្រប់រូបត្រូវមាន​ ដើម្បីឈានទៅរកការផ្លាស់ប្ដូរខ្លួនឯងបា​ន។ វាប្រៀបដូចជា​ បក្សីមួយក្បាល​ ដ្បិតខ្លួនមានស្លាប​ បើពុំព្រមទទះស្លាបហើរដោយខ្លួនឯង​ បក្សីទាំងនោះ ក៏ពុំអាចហោះហើរបានដូចគ្នា។ ហើយគ្មានព្រះ ឬទេវតាអាចជួយពួកគេបានឡើយ ប្រសិនបើពួកគេមិនប្រឹងប្រែងដោយខ្លួនឯង។

សរុបជារួម ធាតុចម្បងៗទាំងប្រាំដែលឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ គឺជាកត្តាគន្លឹះៗ សម្រាប់កែលម្អរគុណភាពសិក្សានៅកម្ពុជា។ ក្នុងន័យនេះ​​ ប្រសិនបើធាតុនីមួយៗ មិនគាំទ្រឱ្យគ្នាទៅវិញទៅមកនោះទេ ច្បាស់ណាស់ថាមិនមែនតែសាលាមួយ ដែលមិនអាចស្វែងរកគុណភាពសិក្សាដែលល្អប្រសើរនោះទេ ប៉ុន្តែប្រហែលជាការអប់រំទាំងអស់នៅកម្ពុជា ក៏ពិបាកនឹងសម្រេចបានគុណផលសិក្សាមួយដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ឬប្រទេសក្នុងតំបន់បានដូចគ្នា។

-ដោយ មាឃ លឹមហ៊ាក, គ្រូបង្រៀនឯកទេស «សីលធម៌ពលរដ្ឋវិជ្ជា» នៃវិទ្យាល័យព្រះនរោត្តម សីហមុនី, ខេត្តកំពង់ឆ្នាំង។

Author

Scroll to Top