គំនិតស្ដីពីការអប់រំតាមរយៈទស្សនវិទូក្រិកបុរាណ លោក សូក្រាថេស


ជាទូទៅ នៅពេលដែលគេនិយាយទៅដល់គំនិតស្ដីអំពីការអប់រំ សូក្រាថេស (Socrates) ដែលត្រូវបានគេប្រសិទ្ធិនាមថាជា ទស្សនវិទូតាមចិញ្ចឹមផ្លូវ (Street Philosopher) តែងតែជាបុគ្គលមួយរូបដែលគេមិនអាចមើលរំលងនោះឡើយ។ មូលហេតុនោះ គឺសូក្រាតថេសគឺជាអ្នកគិតដ៏ល្បីល្បាញដែល «វិធីចោទសួរ» របស់គាត់ ត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថា «Socratic Dialogue» ឬជាភាសាក្រិកសំដៅទៅលើពាក្យថា «Elenchus» ដែលមានន័យថាការច្រានចោល (Refutation) ឬការពិនិត្យឱ្យបានល្អិតល្អន់ (Cross-examine) ជាមុនសិន។ វិធីនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការអប់រំមនុស្សតាមរបៀបកិច្ចសន្ទនា និងការសួរឆ្លើយដោយផ្ទាល់មាត់ ដោយមិនខ្លាចញញើតពីលក្ខខណ្ឌអ្វីទាំងអស់។ គេនិយាយថា គោលការណ៍ទីមួយនៃការបង្រៀនរបស់សូក្រាថេសគឺ «ការបង្រៀនទៅតាមកម្រិតសមត្ថភាពរបស់សិស្សម្នាក់ៗ ឬជាភាសាអង់គ្លេសដែលមានន័យថា (Starts Where Students Are) ហើយទីណាក៏ជាទីកន្លែងដែលគាត់អាចបង្រៀនសិស្សបានដែរ»។
ការចោទសួរទាំងនេះ បានអនុញ្ញាតឱ្យគាត់ក្លាយទៅជាទស្សនវិទូអប់រំមួយរូបដែលបង្រៀនឱ្យអ្នកអប់រំទូទៅ ជាពិសេសសិស្សានុសិស្សគ្រប់សម័យកាលយល់យ៉ាងច្បាស់ថា គតិបណ្ឌិតតែមួយគត់នៃការអប់រំរបស់សូក្រាថេសគឺការចោទសួរប្រឆាំងចំពោះជំនឿរបស់ខ្លួនឯង ប្រព័ន្ធសង្គម ក៏ដូចជាការបន្តពិនិត្យពីចំណេះដឹងដែលខ្លួនបានជឿជាដើម។
ជាងនេះទៅទៀត តាមរយៈវិធីនេះ គាត់បានក្លាយទៅជាអ្នកបដិវដ្តអប់រំមួយរូបដែលបានកែប្រែធម្មជាតិដើមនៃការអប់រំតាមរបៀបប្រពៃណី ឬការរៀបតាមបែបអកម្មមកជាការរៀនដែលមានលក្ខណៈសកម្ម និងមានការចូលរួមពីគ្រប់ភាគីនៃសិស្ស។ សម្រាប់សូក្រាថេស ការអប់រំមិនមែនជាការផ្ទេរចំណេះដឹងចេញពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ផ្សេងទៀតនោះទេ។ ផ្ទុយទៅវិញ គឺការបណ្ដុះឱ្យមនុស្សម្នាក់ៗមានការសង្ស័យ ចេះឆ្ងល់ មានការចោទសួរ និងការគិតបានស៊ីជម្រៅ ក៏ដូចជាដើម្បីបណ្ដុះនរណាម្នាក់ឱ្យក្លាយជាអ្នកគិតមួយរូបដែលអាចមានឯករាជ្យភាពផ្នែកគំនិតដោយខ្លួនឯងបាន។
ក្នុងនោះដែរ បេះដូងនៃវិធីចោទសួររបស់សូក្រាថេស គឺជាសិល្បៈនៃវិធីបង្រៀនតាមបែបស្ថាបនានិយម (Constructivism Approach) ដែលតួនាទីគ្រូមិនមែនជាការកំណត់ពីអ្វីដែលសិស្សត្រូវគិតនោះឡើយ ប៉ុន្តែជាអ្នកបង្ហាញពីរបៀបគិតទៅដល់សិស្សទៅលើបញ្ហាណាមួយ។ ហើយសំណួរដែលបង្ហាញពីរបៀបគិតបានល្អបំផុតសម្រាប់សូក្រាថេសគឺជាប្រភេទសំណួរដែលផ្ដើមឡើងដោយ «តើហេតុអ្វី» «តើដោយរបៀបណា» និង«ចុះប្រសិនបើ»។ ឧទាហរណ៍៖ តើហេតុអ្វីបានជាមនុស្សម្នាក់ៗត្រូវមានសីលធម៌? តើគោលការណ៍សីលធម៌ត្រូវបានកំណត់ឡើងដោយរបៀបណា? ចុះប្រសិនបើមនុស្សម្នាក់មិនគោរពតាមលំអានគោលការណ៍សីលធម៌ទាំងនោះ តើគាត់ជាមនុស្សពុំមានសីលធម៌ពិតប្រាដកមែន ឬយ៉ាងណា? ទាំងនេះសុទ្ធសឹងជាបច្ចេកទេស និងទេពកោសល្យនៃការប្រើប្រាស់សំណួរដ៏មានឥទ្ធិពល និងប្រកបទៅដោយប្រសិទ្ធិភាព ដែលយើងម្នាក់ៗអាចរៀនសូត្រតាមគាត់បានផងដែរ ជាពិសេសសម្រាប់អ្នកអប់រំ និងសិស្សានុសិស្ស។
គួរបញ្ជាក់ផងដែរថា សូក្រាថេសគឺជាទស្សនវិទូមួយរូបដែលឱ្យតម្លៃទៅលើសីលធម៌ យុត្តិធម៌ សេចក្ដីក្លាហាន ភាពបរិសុទ្ធផ្នែកខាងក្នុង និងការពិតជាងអ្វីៗទាំងអស់។ ហើយវិធីចោទសួររបស់គាត់តែងត្រូវបានប្រើប្រាស់ដើម្បីជជែក ដេញដោល និងចោទសួរទៅលើបញ្ហាទាំងនេះជាមួយនឹងដៃគូរសន្ទនា ព្រមទាំងសិស្សរបស់គាត់ជារឿយៗ។ ប៉ុន្តែ គួរដល់កាលសោកសង្រេងទីបំផុត មានពេលមួយគាត់ត្រូវបានតុលាកាទីក្រុងអាថែនចោទប្រកាន់ថាបានពង្វក់ស្មារតី និងចិត្តគំនិតយុវជនឱ្យប្រឆាំងទៅនឹងសាលសនា និងច្បាប់របស់រដ្ឋបុរីអាថែនផ្ទាល់ ហើយគាត់ក៏ត្រូវបានតុលាការទីក្រុងអាថែននេះ កាត់ទោសប្រហារជីវិតតាមរយៈការបង្ខំឱ្យផឹកថ្នាំពុលបញ្ចប់ជីវិតនៅក្នុងឆ្នាំ ៣៩៩ មុនគ.ស ចាប់ពីពេលនោះទៅ។
អ្នកនិពន្ធ
- មាឃ លឹមហ៊ាក, និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ទស្សនវិជ្ជានៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាគ្រូបង្រៀនកម្រិតឧត្តម ឯកទេស សីលធម៌ពលរដ្ឋវិជ្ជា
អ្នកបញ្ចូលសម្លេង និងរៀបចំ Video
- កញ្ញា អឿ អារីយ៉ា, និស្សិតអក្សរសាស្រ្តអង់គ្លេសនៃ សាកលវិទ្យាល័យកម្ពុជា និងជាសមាជិកស្នូលនៃ Platform សិក្សានគរ។
- លោក ជិន មិថុនា, Graphic Designer និងជាសមាជិកស្នូលប្រចាំក្រុមសិក្សានគរ
