មិនមែនទ្រព្យឬអំណាច តែជាទំនាក់ទំនង ចិត្តស្ងប់ និងសុខភាពដែលជាផ្លូវទៅកាន់សុភមង្គលពិត

By Nheb Sreynoch

Design by Vincent — សិក្សានគរ member

ជាការពិតណាស់ មនុស្សជាច្រើនតែងតែប្រាថ្នាចង់បាននូវ​សុភមង្គលដ៏ពេញលេញមួយក្នុងជីវិត។ ​ដោយសុភមង្គលទាំងនោះ តែងមានមនុស្សជាច្រើនគិតថា លុះត្រាតែពួកគេមាន ទ្រព្យសម្បតិ្ត​ កិត្តិយស និងអំណាច​​ ទើបជីវិតរបស់ពួកគេអាចរស់នៅដោយមានសេចក្តីសុខបាន​​​​ តែនេះគ្រាន់តែជាទិដ្ឋភាពមួយផ្នែកតែប៉ុណ្ណោះ។​ លើសពីអ្វីដែលពួកគេគិតខាងលើ ទំនាក់ទំនង ចិត្តស្ងប់​ និង​សុខភាព ទើបជាគន្លឹះដែលអាចធ្វើឱ្យមនុស្ស មានសេចក្ដីសុខ និងសុភមង្គលដ៏មានអត្ថន័យមួយក្នុងជីវិតរបស់ខ្លួនបាន។ ព្រោះ​កាលណា ការរស់នៅមួយអាចប្រព្រឹត្តិទៅបានដោយភាពពេញចិត្តទៅនឹងសេចក្តីស្ងប់ ឬមានទំទាក់ទំទងគ្នាទៅវិញទៅមក​ និងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ទើបជាផ្លូវដែលការរស់នៅនោះអាចទទួលបានសេចក្ដីសុខពិតប្រាកដ ព្រមទាំងជីវិតដែលចេញលេញនិងជ្រាលជ្រៅ។​​

ជាក់ស្តែង នៅពេលមនុស្សយើងមានអំណាច ទ្រព្យសម្បត្តិ និងកិត្តិយសខ្ពង់ខ្ពស់ ហ៊ឺហារ​ ចង់បានអ្វីតាមតែការចង់បាន ឬរង្វេងទៅក្បែរមាត់ជ្រោះនៃភាពលោភលន់ ​ក៏ប៉ុន្តែនៅក្នុងគ្រួសារ ឬជីវិតពិត ពុំមានទឹកចិត្ត​​ និងសេចក្ដីស្រឡាញ់ក្នុងទំនាក់ទំនងគ្រួសារ​ សុខភាពពុំសូវរឹងមាំ នោះមនុស្សយើងមិនអាចមានសេចក្ដីសុខដ៏ស្កប់មួយបានទេ។ ការណ៍នេះ សបញ្ជាក់ឱ្យឃើញច្បាស់ថា សុភមង្គលមិនអាចត្រូវបានផ្ដល់ឱ្យតាមរយៈការមានទ្រព្យសម្បត្តិ​ អំណាច និងកិត្តិយស ប៉ុណ្ណឹងនោះទេ ក៏ប៉ុន្តែវាកើតចេញពីទំនាកទំនងល្អ ចិត្តស្ងប់សុខ​ និងសុខភាពទាំងផ្លូវកាយ​ និងផ្លូវចិត្ត ដែលកើតចេញពីខ្លួនយើងម្នាក់ៗ។

ជាងនេះទៅទៀត ការរស់នៅរបស់មនុស្សម្នាក់ៗ តែងពាល់ត្រូវទុក្ខសោក និងភាពរីករាយ តែអ្វីដែលយើងចង់បានគឺការរស់នៅមួយដោយមានសុភមង្គល និងរំដោះឱ្យបានរាល់ភាពជាប់ជំពាក់ដែលនាំទៅរកវិបាកអវិជ្ជមាននានា។​ រឿងដំបូងដែល យើងគួរតែមានដើម្បីឈានទៅរកសុភមង្គលគឺ ការដែលយើងមានទំនាក់ទំនងល្អរវាងគ្នា​​ និងគ្នា។​ ទំនាក់ទំនងទៀតសោត គឺជាការទាក់ទងគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ឬពីអ្វីមួយទៅអ្វីមួយផ្សេងទៀត ដែលការផ្សារភ្ជាប់ទាំងអស់នោះ ដើម្បីឱ្យយើងចេះចែករំលែក បទពិសោធន៍ អារម្មណ៍ ព័ត៌មានចំណេះដឹងជាមួយនឹងគ្នា។ ទំនាក់ទំនងកើតឡើងតាមច្រើនរបៀបដូចជា ទំនាក់ទំនងជាមួយគ្រួសារ មិត្តភក្តិ ការងារ និងជាមួយសហគមន៍​។-ល-។​ ការប្រាស្រ័យទាក់ទងគ្នាជាមួយគ្រួសារ មានដូចជា ការចេះស្រឡាញ់គ្នា​ យល់ចិត្តគ្នា ផ្ដល់តម្លៃឱ្យគ្នា ចេះគាំទ្រគ្នា និងធ្វើឱ្យសមាជិកក្នុងគ្រួសារ ទទួលបានអារម្មណ៍ថា មានសុវត្តិភាពទៅវិញទៅមក​រវាង បងប្អូន ឪពុកម្ដាយ កូនៗ​ ព្រមទាំងស្វាមី ភរិយាជាដើម។ នៅពេលយើងមានចំណុចទាំងនោះ ប្រាកដណាស់គ្រួសារនឹបង្កើតជាស្នាមញញឹម សម្លេងសើចក្អាកក្អាយ ដែលជាចំណុចតូចៗ ទៅជាការចងចាំ និងអនុស្សោវរីយ៍ដ៏រីករាយ​ ដែលផ្ទុយទៅវិញ ប្រាក់កាក់អាចធ្វើឲ្យមានការបែងបែកឈ្លោះទាស់ទែងគ្នា ប្រេះផ្សារបានត្រឹមរយៈពេលខ្លីបាន។

ជាមួយគ្នានេះ បើយើងនិយាយពីទំនាក់ទំនងរវាងមិត្តភក្តិ និងទំនាក់ទំនងការងារវិញ ក៏មិនខុសគ្នាពីទំនាក់ទំនងក្នុងគ្រួសារដែរ។ ការដែលយើងជឿទុកចិត្តគ្នា ផ្ដល់តម្លៃឱ្យគ្នា​ ចែករំលែកបទពិសោធន៍ការងារ និងរឿងជាច្រើនជាមួយផងគ្នានោះ ក្រុមការងារ និងមិត្តភាពកាន់តែមានភាពស្និតស្នាល រឹងមាំ ក៏ដូចជាស៊ីជម្រៅជាងមុនផងដែរ។ រីឯ​នៅក្នុងសហគមន៍នីមួយៗ គួរតែមានការជួយគ្នាទៅវិញទៅមក ទាំងការអត់ឱនអធ្យាស្រ័យគ្នា និងគោរពសិទ្ធគ្នាដើម្បីឱ្យក្នុងសហគមន៍មានស្ថេរភាពល្អប្រសើរ ដែលអាចនាំឲ្យអភិវឌ្ឍកាន់តែរីកចម្រើនតទៅមុខ។ កាលណា សហគមន៍ ឬសង្គមយើងមានការរីកចម្រើន នោះក្នុងការរស់នៅប្រាកដជាមានសេចក្ដីសុខ និងសុភមង្គល។

សូមកុំភ្លេចថា សុភមង្គលអាចកើតចេញពីភាពស្ងប់ស្ងាត់នៅក្នុងចិត្តរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ។ ការពេញចិត្តនូវអ្វីដែលខ្លួនមាន មិនថាជាតិសាសន៍​ ពណ៌សម្បុរ ចំណេះដឹង និងរូបរាងរបស់ខ្លួន តែបើមានចំណុចណាដែលខ្លួនមិនចេញចិត្ត និងចង់កែលំអរនោះ យើងក៏អាចធ្វើការកែប្រែ អភិវឌ្ឍន៍ខ្លួនឲ្យកាន់តែល្អប្រសើរ ដែលនេះក៏ជាផ្លូវនាំរកសេចក្ដីសុខមកដល់ខ្លួនឯងបានផងដែរ។​ ម្យ៉ាងវិញទៀត ការដែលមិនច្រណែនឈ្នានីសអ្នកដទៃ សាងអំពើល្អ គោរពគ្នា និងចេះជួយគ្នាទៅវិញទៅមក សុទ្ធសឹងតែសុភមង្គលដែលបង្កើតឡើងដោយមិនចាំបាច់មានប្រាក់កាក់ហូរហៀរនោះទេ។ ចិត្តស្ងប់សុខ មិនត្រឹមតែកើតចេញពីការពេញចិត្តនឹងផ្នែកវិជ្ជមានរហូតនោះទេ វាក៏កើតចេញពីការដែលយើងហ៊ានប្រឈមមុខ និងទទួលស្គាល់នូវការបាត់បង់ ​ឬបញ្ហាផ្សេងៗដោយការ សោកស្ដាយ ព្រោះយើងមិនចង់ភ្ជាប់ការជំពាក់ចិត្ដចងខ្លួននឹងទុក្ខ។ នេះហើយជាសុភមង្គលចេញពីសេចក្តីស្ងប់សុខ​ មិនអាចទិញលើទីផ្សារឬយកអំណាចមកគាប់សង្កត់។

ជាចំណុចចុងក្រោយ សុភមង្គល ​តែង​កើត​ចេញពី​ការ​ចូលរួម​ក្នុង​ជីវិត​យ៉ាង​សកម្ម ទៅលើការ​សម្រេច​គោលដៅ ការ​រីករាយ ​និង​ចំណងចំណូលចិត្ត ព្រមទាំង​ការ​ចំណាយ​ពេល​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់។​ ហើយដើម្បីចូលរួមសកម្មភាពទាំងនោះ ឱ្យកាន់តែសកម្ម​ លុះត្រាតែសុខភាពយើងល្អ​ ផ្នែករាងកាយ សាច់ដុំមាំមួន​ គ្មានជម្ងឺរាតត្បាត។​ យ៉ាងណាមិញ​ កាលដែលយើងមាននូវអារម្មណ៍មិនល្អ ធុញថប់ តានតឹង គ្មានទំនុកចិត្តលើខ្លួនឯង គឺមិនអាចពង្រឹងសមត្ថភាពឬអាចដោះស្រាយបញ្ហាបាននោះឡើយ។ ​សុខភាពល្អទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ពិតជាមានសារៈសំខាន់ក្នុងជីវិតមនុស្សយើងម្នាក់ៗពិតប្រាកដមែន ពីព្រោះកាលណាយើងមានសុខភាពល្អ មិនថាការងារ​ ការសិក្សា ឬទំនាក់ទំនង​របស់យើង ក៏នឹងដំណើរការបានយ៉ាងរលូនល្អប្រសើរ ត្បិដមាសប្រាក់ និងឥទ្ធិពលអំណាចខ្ពស់ខ្ពស់ប៉ុណ្ណាក៏មិនអាចដោះដូរជាមួយសុខភាពដោយផ្ទាល់ឬភ្លាមៗបាននោះទេ។

ជារួម សុភមង្គលមួយមិនកំណត់ត្រឹមតម្លៃទឹកប្រាក់ ទ្រព្យសម្បិត្ត បុណ្យសក្តិ អំណាច កេរ្តិ៍​ឈ្មោះតែម្យ៉ាងនោះទេ ប៉ុន្តែជាការមើលឱ្យជ្រៅ និងការសង្កេតជាក់ស្តែងរបស់មនុស្សយើងតាំងពីយូរណាស់មកហើយ ទៅលើអត្ថន័យនិងតម្លៃពិតរបស់សេចក្តីសុខ។ វាជាការពាក់ព័ន្ធទៅនឹង ការរក្សាទំនាក់ទំនងជាមួយមនុស្ស និងមនុស្ស មិនថានៅក្នុងសង្គម ក្នុងគ្រួសារ និងមិត្តភាពផ្សេងៗ ដែលវាជាការរក្សាសុខភាពផ្លូវចិត្ត សុខភាពផ្លូវសង្គមពិតប្រាកដមែន។ រីឯសុខភាពផ្លូវកាយ ក៏មានអន្តរទំនាក់ទំនងពីចំណុចខាងលើ រួមទាំងចិត្តស្ងប់សុខដែលផ្តោតច្រើនទៅលើទំនាក់ទំនងល្អជាមួយខ្លួនឯងផ្ទាល់ពីខាងក្នុង ដ្បិតយើងអាចមិនស្ថិតនៅស្ថានភាពមានអំណាចខ្ពង់ខ្ពស់ ទ្រព្យហូរហៀរ គឺត្រឹមជាការរស់នៅសាមញ្ញ បង្តើនសន្តិភាពផ្លូវចិត្ត មិនមានសម្ពាធផ្សេងៗ និងការរក្សាគោលជំហររស់នៅយ៉ាងមានសេចក្តីសុខចេញពីចិត្ត៕


ស្មេរ៖ ញ៉េប ស្រីណុច គឺជានិស្សិត ថ្នាក់បរិញ្ញាបត្រ ឯកទេស វិស្វកម្មជីវសាសាស្រ្ត (Bio-engineering) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្ន គាត់ជាសមាជិកក្រុម «សិក្សានគរ»។

Author

Scroll to Top