Research

Socrates

គំនិតស្ដីពីការអប់រំតាមរយៈទស្សនវិទូក្រិកបុរាណ លោក សូក្រាថេស

ជាទូទៅ នៅពេលដែលគេនិយាយទៅដល់គំនិតស្ដីអំពីការអប់រំ សូក្រាថេស (Socrates) ដែលត្រូវបានគេប្រសិទ្ធិនាមថាជា ទស្សនវិទូតាមចិញ្ចឹមផ្លូវ (Street Philosopher) តែងតែជាបុគ្គលមួយរូបដែលគេមិនអាចមើលរំលងនោះឡើយ។ មូលហេតុនោះ គឺសូក្រាតថេសគឺជាអ្នកគិតដ៏ល្បីល្បាញដែល «វិធីចោទសួរ» របស់គាត់ ត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថា «Socratic Dialogue» ឬជាភាសាក្រិកសំដៅទៅលើពាក្យថា «Elenchus» ដែលមានន័យថាការច្រានចោល (Refutation) ឬការពិនិត្យឱ្យបានល្អិតល្អន់ (Cross-examine) ជាមុនសិន។ វិធីនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការអប់រំមនុស្សតាមរបៀបកិច្ចសន្ទនា និងការសួរឆ្លើយដោយផ្ទាល់មាត់ ដោយមិនខ្លាចញញើតពីលក្ខខណ្ឌអ្វីទាំងអស់។ គេនិយាយថា គោលការណ៍ទីមួយនៃការបង្រៀនរបស់សូក្រាថេសគឺ «ការបង្រៀនទៅតាមកម្រិតសមត្ថភាពរបស់សិស្សម្នាក់ៗ ឬជាភាសាអង់គ្លេសដែលមានន័យថា (Starts Where Students Are) ហើយទីណាក៏ជាទីកន្លែងដែលគាត់អាចបង្រៀនសិស្សបានដែរ»។

ការចោទសួរទាំងនេះ បានអនុញ្ញាតឱ្យគាត់ក្លាយទៅជាទស្សនវិទូអប់រំមួយរូបដែលបង្រៀនឱ្យអ្នកអប់រំទូទៅ ជាពិសេសសិស្សានុសិស្សគ្រប់សម័យកាលយល់យ៉ាងច្បាស់ថា គតិបណ្ឌិតតែមួយគត់នៃការអប់រំរបស់សូក្រាថេសគឺការចោទសួរប្រឆាំងចំពោះជំនឿរបស់ខ្លួនឯង ប្រព័ន្ធសង្គម​ ក៏ដូចជាការបន្តពិនិត្យពីចំណេះដឹងដែលខ្លួនបានជឿជាដើម។

ជាងនេះទៅទៀត តាមរយៈវិធីនេះ គាត់បានក្លាយទៅជាអ្នកបដិវដ្តអប់រំមួយរូបដែលបានកែប្រែធម្មជាតិដើមនៃការអប់រំតាមរបៀបប្រពៃណី ឬការរៀបតាមបែបអកម្មមកជាការរៀនដែលមានលក្ខណៈសកម្ម និងមានការចូលរួមពីគ្រប់ភាគីនៃសិស្ស។ ​សម្រាប់សូក្រាថេស ការអប់រំមិនមែនជាការផ្ទេរចំណេះដឹងចេញពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ផ្សេងទៀតនោះទេ។ ផ្ទុយទៅវិញ គឺការបណ្ដុះឱ្យមនុស្សម្នាក់ៗមានការសង្ស័យ ចេះឆ្ងល់ មានការចោទសួរ និងការគិតបានស៊ីជម្រៅ ក៏ដូចជាដើម្បីបណ្ដុះនរណាម្នាក់ឱ្យក្លាយជាអ្នកគិតមួយរូបដែលអាចមានឯករាជ្យភាពផ្នែកគំនិតដោយខ្លួនឯងបាន។

ក្នុងនោះដែរ បេះដូងនៃវិធីចោទសួររបស់សូក្រាថេស គឺជាសិល្បៈនៃវិធីបង្រៀនតាមបែបស្ថាបនានិយម (Constructivism Approach) ដែលតួនាទីគ្រូមិនមែនជាការកំណត់ពីអ្វីដែលសិស្សត្រូវគិតនោះឡើយ ប៉ុន្តែជាអ្នកបង្ហាញពីរបៀបគិតទៅដល់សិស្សទៅលើបញ្ហាណាមួយ។ ហើយសំណួរដែលបង្ហាញពីរបៀបគិតបានល្អបំផុតសម្រាប់សូក្រាថេសគឺជាប្រភេទសំណួរដែលផ្ដើមឡើងដោយ «តើហេតុអ្វី» «តើដោយរបៀបណា» និង«ចុះប្រសិនបើ»។ ឧទាហរណ៍៖ តើហេតុអ្វីបានជាមនុស្សម្នាក់ៗត្រូវមានសីលធម៌? តើគោលការណ៍សីលធម៌ត្រូវបានកំណត់ឡើងដោយរបៀបណា? ចុះប្រសិនបើមនុស្សម្នាក់មិនគោរពតាមលំអានគោលការណ៍សីលធម៌ទាំងនោះ តើគាត់ជាមនុស្សពុំមានសីលធម៌ពិតប្រាដកមែន ឬយ៉ាងណា? ទាំងនេះសុទ្ធសឹងជាបច្ចេកទេស និងទេពកោសល្យនៃការប្រើប្រាស់សំណួរដ៏មានឥទ្ធិពល និងប្រកបទៅដោយប្រសិទ្ធិភាព ដែលយើងម្នាក់ៗអាចរៀនសូត្រតាមគាត់បានផងដែរ ជាពិសេសសម្រាប់អ្នកអប់រំ និងសិស្សានុសិស្ស។

គួរបញ្ជាក់ផងដែរថា សូក្រាថេសគឺជាទស្សនវិទូមួយរូបដែលឱ្យតម្លៃទៅលើសីលធម៌ យុត្តិធម៌ សេចក្ដីក្លាហាន ភាពបរិសុទ្ធផ្នែកខាងក្នុង និងការពិតជាងអ្វីៗទាំងអស់។ ហើយវិធីចោទសួររបស់គាត់តែងត្រូវបានប្រើប្រាស់ដើម្បីជជែក ដេញដោល និងចោទសួរទៅលើបញ្ហាទាំងនេះជាមួយនឹងដៃគូរសន្ទនា ព្រមទាំងសិស្សរបស់គាត់ជារឿយៗ។ ប៉ុន្តែ គួរដល់កាលសោកសង្រេងទីបំផុត មានពេលមួយគាត់ត្រូវបានតុលាកាទីក្រុងអាថែនចោទប្រកាន់ថាបានពង្វក់ស្មារតី និងចិត្តគំនិតយុវជនឱ្យប្រឆាំងទៅនឹងសាលសនា និងច្បាប់របស់រដ្ឋបុរីអាថែនផ្ទាល់ ហើយគាត់ក៏ត្រូវបានតុលាការទីក្រុងអាថែននេះ កាត់ទោសប្រហារជីវិតតាមរយៈការបង្ខំឱ្យផឹកថ្នាំពុលបញ្ចប់ជីវិតនៅក្នុងឆ្នាំ ៣៩៩ មុនគ.ស ចាប់ពីពេលនោះទៅ។

អ្នកនិពន្ធ

  • មាឃ លឹមហ៊ាក, និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ទស្សនវិជ្ជានៃ​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាគ្រូបង្រៀនកម្រិតឧត្តម ឯកទេស សីលធម៌ពលរដ្ឋវិជ្ជា

អ្នកបញ្ចូលសម្លេង និងរៀបចំ Video

  • កញ្ញា អឿ អារីយ៉ា, និស្សិតអក្សរសាស្រ្តអង់គ្លេសនៃ សាកលវិទ្យាល័យកម្ពុជា និងជាសមាជិកស្នូលនៃ Platform សិក្សានគរ។
  • លោក ជិន មិថុនា, Graphic Designer និងជាសមាជិកស្នូលប្រចាំក្រុមសិក្សានគរ
ទស្សនវិទូ-ស្ដេច ឬស្ដេចជាទស្សនវិទូ
  1. ជាទូទៅ កាលណាគេសិក្សាអំពីទស្សនវិជ្ជានយោបាយ ឬទស្សនវិជ្ជានយោបាយនិងសង្គម កម្រមានណាស់ដែលគេមើលរំលង ឬមិនជជែកលើគំនិតស្ដីអំពីទម្រង់រដ្ឋនិងមេដឹកនាំរដ្ឋរបស់ទស្សនវិទូនយោបាយក្រិក លោក ផ្លាថូន (Plato)។ ពីព្រោះថា របៀបចាត់ចែងនិងគ្រប់គ្រងរដ្ឋបុរី (City-state) តាមបែបឧត្តមគតិ (Idea state) របស់លោកត្រូវបានគេជឿថាជាឧត្តមគតិនៃទម្រង់រដ្ឋមួយដែលអាចអនុញ្ញាតឱ្យមនុស្សពាល់ត្រូវសុភមង្គលបាន នៅក្រោមការចាត់ចែងនិងគ្រប់គ្រងដោយផ្ទាល់ពីមនុស្សមួយប្រភេទដែលផ្លាថូនខ្លួនឯងហៅ «ទស្សនវិទូ-ស្ដេច» ឬ (Philosopher-King)។ នៅក្នុងន័យនេះ ជាមួយនឹងទស្សនីយភាពនយោបាយនៅក្នុងសម័យកាលរបស់លោក ផ្លាថូនខ្លួនឯងបានរៀបរាប់នៅក្នុងស្នាដៃ លិខិតទី៧ (Seventh Letter) ដែលជាផ្នែកស្វ័យជីវប្រវត្តិរបស់លោកជាមួយនឹងការនាំទៅរកការសន្និដ្ឋានថា «មានតែទស្សនវិទូប៉ុណ្ណោះ ដែលសក្តិសមនឹងការដឹកនាំរដ្ឋបុរី»។
    យ៉ាងណាមិញ ឧត្តមគតិមួយនេះមិនមែនកើតឡើងដោយការស្រមើស្រមៃ ឬចៃដន្យនោះទេ ត្បិតផ្លាថូនបានពាល់ត្រូវយ៉ាងច្បាស់ពីបរាជ័យនិងភាពឃោរឃៅនៃទម្រង់រដ្ឋបែបលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ តាមរយៈការធ្វើឱ្យជីវិតរបស់លោកសូក្រាថេស (Socrates) ដែលជាគ្រូរបស់លោកផ្ទាល់ ត្រូវបានបញ្ចប់និងកប់ទៅជាមួយនឹងភាពអយុត្តិធម៌ដ៏ព្រៃផ្សៃ។ ពោល នេះជាចំណុចផ្ដើមដែលនាំឱ្យលោកបានព្យាយាមពន្យល់ពីរដ្ឋនៅក្នុងឧត្តមគតិដែលលែងមានភាពអយុត្តិធម៌សង្គមបន្ត ព្រមទាំង (ស្ដេច-ទស្សនវិទូ) ដែលលោកជឿថានឹងក្លាយជាអ្នកចាត់ចែងបានចំពោះសុខដុមរមនារបស់សង្គម។ និយាយឱ្យចំ ផ្លាថូនអះអាងថា «យុត្តិធម៌គឺជាគុណធម៌នៃមនុស្សគ្រប់រូប ហើយយុត្តិធម៌និងសុភមង្គលនឹងកើតឡើងបានលុះត្រាតែមនុស្សនៅក្នុងរចនាសម្ព័ន្ធខុសៗគ្នាបំពេញតួនាទីរបស់ខ្លួនបានត្រឹមត្រូវតែប៉ុណ្ណោះ»។ ប៉ុន្តែអត្ថន័យគឺលើសពីនេះនិងមានលក្ខណៈអរូបីជាងនេះ ប្រសិនបើយើងពិនិត្យបន្ថែម។ ក្នុងនោះ យើងឃើញថា អត្ថន័យដែលផ្លាថូនចង់សំដៅទៅរកគឺជាអ្វីដែលគាត់ហៅថា «បំណែកនៃព្រលឹងទាំងបី» ឬ the Parts of Soul (Appetite, Emotion & Reason)។ ពោលគឺ វាជាអ្វីដែលគាត់សំដៅទៅដល់ ចំណង់ អារម្មណ៍និងហេតុផលរបស់មនុស្សនៅផ្នែកខាងក្នុង ឬត្រូវបានប្រៀបធៀបទៅនឹងរចនាសម្ព័ន្ធសង្គមពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមដែលមាន មេដឹកនាំ កងទ័ព និងអ្នកជំនួញ ដែលមានន័យថាលុះត្រាណាតែសុខដុមរមនាផ្លូវចិត្តរបស់មនុស្ស ឬក្រុមមនុស្សដែលមាននៅក្នុងរចនាសម្ព័ន្ធសង្គមនីមួយៗ ធ្វើតួនាទីរបស់ខ្លួនបានល្អ ទើបបដិការភាពរវាងគ្នានឹងគ្នា ព្រមទាំងសុខដុមរមនាខាងក្រៅរបស់សង្គមអាចមានអត្ថិភាពប្រាកដឡើងបាន។
    គំនិតនៅក្នុងផ្នែកខាងលើនេះ ពិតជាជាមានលក្ខណៈអរូបីសម្រាប់អ្នកអាន ប៉ុន្តែសូមរំលឹកជាថ្មីផងដែរថាគំនិតនេះត្រូវបានផុសចេញដោយកត្តាបរិបទរស់នៅផ្ទាល់របស់លោក ជាពិសេសគឺការជ្រួតជ្រាបតាមរយៈឥទ្ធិពលគំនិតដោយផ្ទាល់ពីលោកសូក្រាថេសដែលត្រូវជាគ្រូរបស់លោក។ ជាក់ស្ដែងសូក្រាថេសបានទូន្មានផ្លាថូនថា «មិនខ្វល់ថាតើយើងអាចរៀបចំបានជាសង្គមដែលមានសណ្ដាប់ធ្នាប់នយោបាយយ៉ាងពិតប្រាកដឬយ៉ាងទេ យើងត្រូវប្រើប្រាស់គំនិតនៅផ្នែកខាងក្នុងជាផែនទី ឬគំរូនិទស្សន៍សម្រាប់បង្កើតរដ្ឋបុរីដែលមានយុត្តិធម៌ជាមួយនឹងខ្លួនយើងផ្ទាល់ឱ្យបាន»។ ជាងនេះទៅទៀត ត្បិតគំនិតនេះត្រូវបានលើកកម្ពស់ដោយផ្លាថូននិងអ្នកផ្លាថូននិយម ប៉ុន្តែត្រូវបានរិះគន់ដោយអារីស្តូថេល្លេស (Aristotle) ថាជាគំនិតមានលក្ខណៈអរូបីនិងជាឧត្តមគតិដែលពិបាកសម្រេចបាន។ ម្យ៉ាង សម្រាប់អារីស្តូថេល្លេស «មនុស្សជាគឺជាសត្វនយោបាយ ជាសត្វដែលមានវិចារណញាណនិងត្រូវការសុភមង្គលស្រាប់ហើយ»។ ប៉ុន្តែសម្រាប់ការរិះគន់ចំពោះគំនិតស្ដីពីរដ្ឋនៅក្នុងឧត្តមគតិនិងទស្សនវិទូ-ស្ដេចនេះ ទំនងជាការធ្វើឡើងដោយមិនទាន់សមហេតុផលនៅឡើយ។ ព្រោះជម្រៅនៃឧត្តមគតិនេះ ត្រូវបានផ្លាថូនបញ្ជាក់ឱ្យកាន់តែច្បាស់បន្ថែមទៀតថា «មិនថារដ្ឋបុរីរបស់យើងត្រូវបានដឹកនាំដោយទស្សនវិទូ ឬជនម្នាក់ណានោះទេ ឱ្យតែគាត់មានសក្ដានុពល ទទួលបានការអប់រំផ្នែកទស្សនវិជ្ជា ហើយអំណាចនយោបាយនិងទស្សនវិជ្ជាត្រូវបានប្រើប្រាស់នៅក្រោមអត្ថន័យសង្គតិភាព នោះរដ្ឋបុរីរបស់យើង ប្រាកដជាមានយុត្តិធម៌និងចាកឆ្ងាយពីបញ្ហាជាច្រើនបាន។ នេះជាសំដីដែលគាត់បាននិយាយទៅកាន់លោក Glaucon ដែលត្រូវជាបងប្រុសនិងជាទស្សនវិទូមួយរូបដែលបានសន្ទនាជាមួយសូក្រាថេសយ៉ាងច្រើនអំពីបញ្ហាសីលធម៌ និងយុត្តិធម៌។ ដូច្នេះ សម្រាប់លោកផ្លាថូន មានតែទស្សនវិទូ-ស្ដេច ឬស្ដេចដែលត្រូវបានអប់រំចំណេះដឹងទស្សនវិជ្ជាប៉ុណ្ណោះ ដែលអាចដឹកនាំនិងរៀបចំសង្គមឱ្យមានភាពយុត្តិធម៌និងសុភមង្គលបានពិតប្រាកដ។ នៅក្នុងន័យម្យ៉ាងទៀត មានតែបុគ្គលដែលមានចំណេះដឹងជ្រៅជ្រះផ្នែកទស្សនវិជ្ជានិងស្រលាញ់គតិបណ្ឌិតទេ ដែលជាជាមគ្គទេសក៍ដ៏សក្តិសមក្នុងការដឹកនាំរដ្ឋ ឬសង្គមមួយបានល្អ។
    ដោយ លោក មាឃ លឹមហ៊ាក, និស្សិតបរិ.ជាន់ខ្ពស់ទស្សនវិជ្ជានៃ ស.ភ.ភ.ព
    សូមអាននិងពិគ្រោះបន្ថែម៖
    ១. អ៊ុន លាង និង ឡេង សុខជា, ទស្សនវិជ្ជាសង្គមនិងនយោបាយ៖ ប្រធានបទមូលដ្ឋាន (ភ្នំពេញ, ២០២២), ២៨។
    ២. Edward Craig, ed., The Shorter Routledge Encyclopedia of Philosophy (New York: Taylor & Francis, 2005), 807-8.
    ៣. Simon Blackburn, The Oxford Dictionary of Philosophy, trans. វិទ្យាស្ថាន MAGGA, វចនានុក្រមទស្សនវិជ្ជាអក្សហ្វ័ដ (ភ្នំពេញ៖វិទ្យាស្ថាន MAGGA, ២០២០), ៣២៨។
     
     
  2.  
     
     
Scroll to Top